រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានលើកទឹកចិត្តសិស្សនិស្សិតកំណត់ចក្ខុវិស័យ ដើម្បីរៀនជំនាញវិជ្ជាជីវ
(ខេត្តកំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម បានលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តជ័យលាភីដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ និងជ័យលាភីសិស្សនិទ្ទេសA ទាំង១២នាក់នៅស្រុកស្ទោង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាមួយគ្នានេះឯកឧត្តម បានណែនាំបន្ថែមទៀតដល់សិស្សានិស្សិតដែលត្រូវចូលរៀនសាកលវិទ្យាល័យ មហាវិទ្យាល័យឬសាលាវិជ្ជាជីវៈនានាសូមផ្តោតទៅតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តរបស់ខ្លួនទើបទទួលបាននូវជោគជ័យពិតប្រាកដ ហើយត្រូវអនុវត្តជំនាញ ឬធ្វើការទៅតាមបំណិននេះ។
ទន្ទឹមនឹងនេះ ក្នុងនាមអ្នកអនុវត្ត វិជ្ជាជីវៈ ត្រូវបន្តអភិវឌ្ឍសមត្ថភាពចំណេះ ជំនាញរបស់ខ្លួនជាប្រចាំ ជាពិសេស បច្ចេកវិទ្យា ឌីជីថល ព័ត៌មានវិទ្យា វិទ្យាសាស្រ្តថ្មីៗ ឱ្យស្របតាមបរិបទសង្គមនិងវិទ្យាសាស្ត្រ ហើយទៅធ្វើខ្លួនជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនប្រកបដោយបំណិននិងសក្តានុពលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ សមស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
ជាមួយគ្នានេះផងដែរឯកឧត្តម បានលើកទឹកចិត្តនិងកោតសរសើរខ្ពស់ដល់ជ័យលាភីទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រជាពិសេសជ័យលាភីនិទ្ទេសAទាំង១២រូបរបស់ស្រុកស្ទោងដែលពិតជាមោទកភាពខ្លួនឯងក្រមគ្រួសារ សាលារៀនក៏ដូចជាស្រុកស្ទោងនិងខេត្តកំពង់ធំទាំងមូល។
លើសពីនេះឯកឧត្តម បានលើកទឹកចិត្តសិស្សនិស្សិតក្រីក្រត្រូវខិតខំសិក្សារៀនសូត្រឲ្យបានក្លាយជាសិស្សនិស្សិតពូកែដើម្បីមានឱកាសទទួលបានអាហារូបករណ៍ពីស្ថាប័នអង្គភាពនានានិងរាជរដ្ឋាភិបាលជាពិសេសអាហារូបករណ៍សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តបានរៀននៅសាកលវិទ្យាល័យឬមហាវិទ្យាល័យឯកទេសផ្សេងៗ ដែលយុវជនម្នាក់ត្រូវមានជំនាញវិជ្ជាជីវៈឯកទេសមួយយ៉ាងតិច ហើយប្អូនៗត្រូវធ្វើជាយុវជនដ៏រឹងមាំដែលជួយខ្លួនឯងនិងលើកកម្ពស់គ្រួសារទាំងសេដ្ឋកិច្ចនិងកិត្តយស។
ឯកឧត្តម ថោ ជេដ្ឋា បានណែនាំដោយទទួចដល់ប្អូនៗសិស្សាសិស្សត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀននិងកុំប្រព្រឹត្តអំពើអបាយមុខនានាត្រូវបើកបរប្រកបដោយសីលធម៌គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពទាំងអស់គ្នា។ អត្ថបទរដ្ឋបាលសុខស្ទោង-ពិនិត្យដោយអ៊ុមញឹប។