អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការងារសន្តិសុខជាការងារស្នូល ហើយការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែន គឺជាកត្តាសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមក្នុងការអភិវឌ្ឍ
(កំពង់ធំ)÷ នៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការចៅសង្កាត់ និងមេភូមិ ក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ការងារសន្តិសុខគឺជាការងារស្នូល ហើយការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែន គឺជាកត្តាសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមក្នុងការអភិវឌ្ឍ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ការងារសន្តិសុខ ជាការងារស្នូលសម្រាប់សាលាក្រុងស្ទឹងសែន ដែលអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ឱ្យបានគ្រប់ពេលវេលា ក្នុងការចុះជួយការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នៅលើការងារនេះ រដ្ឋបាលក្រុង និងអាជ្ញាធរក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ រួមមាន៖ ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងការទប់ស្កាត់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនានាដែលមិនមានការអនុញ្ញាត។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ។ សម្រាប់ភូមិសាស្ត្រក្រុងស្ទឹងសែន ការកសាងទំនប់ស្ទាក់ទឹកនៅកំពង់គោ ពិតជាមានសារៈប្រយោជន៍ជាណាស់ចំពោះបងប្អូនប្រជាកសិករ ដែលអាចអនុញ្ញាតឱ្យពួកគាត់អាចយកទឹកទៅស្រោចស្រពនៅដំណាំកសិកម្មពេញមួយឆ្នាំ ក៏ដូចជាទាក់ទាញទេសចរមកទស្សនាផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ចូលរួមឱ្យបានគ្រប់ៗគ្នាក្នុងការតាក់តែងប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែននេះ សំដៅធ្វើយ៉ាងណាឱ្យអាជ្ញាធរគ្រប់លំដាប់ យល់ដឹងជ្រួតជ្រាបបានទាំងអស់គ្នា និងអនុវត្តរួមគ្នា ដើម្បីចូលរួមកសាងទីក្រុងស្ទឹងសែន ដែលជាក្បាលម៉ាស៊ីសេដ្ឋកិច្ចរបស់ខេត្តឱ្យមានការរីកចម្រើន និងមានចីរភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។