អភិបាលខេត្តកំពង់ធំជំរុញឲ្យគ្រប់ឃុំទាំងអស់បង្កើតទីកន្លែងកំសាន្តដើម្បីទាក់ទាញភ្ញៀវទេសចរ
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំជំរុញឲ្យគ្រប់ឃុំទាំងអស់បង្កើតទីកន្លែងកំសាន្តដើម្បីទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនៅក្នុងពិធីបិទការប្រណាំងទូកផ្កាចារ នៅស្រុកបារាយណ៍ នារសៀលថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៤។
ឯកឧត្តមបន្តថាការប្រណាំងទូកផ្កាចារនេះ បានផ្ដល់ភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការដើរលេងកំសាន្តឆ្ងាយដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ជាកន្លែងទេសចរណ៍មួយ ដែលនាំចំណូលដល់ប្រជាពលរដ្ឋ ក្នុងស្រុកដែលទស្សនិកជនជិតឆ្ងាយមកញ៉ាំអាហារ ជាពិសេគឺជាការចូលរួមអភិរក្ស និងថែរក្សា ទំនៀមទម្លាប់ថែមទៀតផង ហើយក្រៅពីភាពសប្បាយរីករាយ ការអ៊ុំទូកនេះ បាននាំមកនូវសាមគ្គីភាព ការជួបជុំគ្នាថែមទៀតផង។
ឯកឧត្តមបានអំពាវនាវដល់យុវជនរួមគ្នា គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយ បើកបរដោយគោរពសិទ្ធអាទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ចៀសឆ្ងាយអំពីគ្រឿងញៀន និងចូលរួមសំអាតបរិស្ថានឲ្យបានល្អដើម្បីឲ្យកម្ពុជាគ្មានសំរាម។
ឯកឧត្តមអភិបាលបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាជ្ញាធរស្រុកបារាយណ៍ ឃុំ ភូមិ កងកម្លាំងប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានជួយគាំទ្រសម្រាប់ការប្រកួតអុំទូកផ្កាចារពេលនេះ ដើម្បីបង្ករលក្ខណៈឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងលើកទឹកចិត្តឲ្យរដ្ឋបាលស្រុកបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថាពិធីនេះរៀបចំនៅតាមបណ្ដោយប្រឡាយឈូកខ្សាច់ ត្រង់តំបន់អូរកាច់ ដែលមានរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ១ និងថ្ងៃទី ២ ខែតុលាឆ្នាំ២០២៤ដោយមានទូកផ្កាចារចូលរួមចំនួន ១៣ទូក កីឡាករចំនួន ២១២នាក់។
ជាលទ្ធផលលេខ១បានទៅលើទូកឈ្មោះ
“ថាមពលតេជសិលា មហាសែនមានជ័យ”
លេខ២ឈ្មោះ “បុទមមន្នីសាមគ្គីសែនជ័យ បារមីវត្តចតុលោក”
លេខ៣ឈ្មោះ “ពោធិ៍ពីរសាមគ្គីសែនជ័យ”