អភិបាលស្រុកស្ទោង ជំរុញអាជ្ញាធរអោយស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងបច្ចុប្បន្នភាពទឹកស្ទឹងស្ទោង
(កំពង់ធំ)÷ លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន ៤គ្រួសារ នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ក្នុងនាមគណៈអភិបាល និងក្នុងនាមលោកជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង លោកបានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះលោកបានជំរុញដល់អាជ្ញាធរគ្រប់ឃុំ ជាពិសេសបណ្ដាឃុំដែលនៅអមសងខាងជាប់នឹងស្ទឹងស្ទោងត្រូវចុះស្វែងយល់អំពីសុខទុក្ខជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានជាក់ស្ដែងដើម្បីជួយសម្រាលនិងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ប្រសិនបើពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានមានបញ្ហាឬក៏សុខទុក្ខយ៉ាងណានោះគឺជាសុខទុក្ខពិតប្រាកដរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយត្រូវតាមដាននិងស្វែងយល់អំពីបញ្ហាកាសធាតុនិងស្ថានភាពទឹកស្ទឹងស្ទោង និង រាយការណ៍ប្រចាំថ្ងៃផងដែរ។
លោក សាយ គឹមឡម បានណែនាំដល់ប្រជាពលរដ្ឋ សូមរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះថែរក្សាសុខភាពឱ្យបានមាំទាំ រស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវខិតខំដាំដុះដំណាំបន្ទាប់បន្សំជុំវិញគេហដ្ឋាន ដើម្បីទ្រទ្រង់សុខភាព ទ្រទ្រង់ជីវភាពនិងកាត់បន្ថយការប្រើប្រាស់នូវបន្លែនិងអាហារគីមីផងដែរ។
គួរបញ្ជាក់ផងដែរថា គ្រួសារ៤គ្រួសារដែលមានជីវភាពខ្វះក្នុង១គ្រួសារៗ ទទួលបាននូវ÷ ទឹកស៊ីអ៊ីវ០១យួរ មី០១កេស និងអង្ករ២៥គីឡូក្រាមផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។