សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា៨០គ្រួសារ នៅស្រុកតាំងគោក
(កំពង់ធំ)៖ លោកជំទាវ លឹម មួយស្រៀន នួនផា័រត្ន លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្រ្តីសាខា ព្រមទាំងអនុសាខាស្រុកតាំងគោក ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ និងគ្រឿងឧបភោគបរិភោគរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៨០គ្រួសារ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
លោកជំទាវ លំ គន្ធារី បានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើអោយមានការអភិវឌ្ឍដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ផ្សេងៗឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌។ ដើម្បីភាពរីកចម្រើននិងប្រែក្លាយទៅជា ប្រទេសអភិវឌ្ឍន៏ ដោយមានការចង្អុលណែនាំរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដោយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើអោយខេត្តកំពង់ធំមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកជំទាវ លំ គន្ធារី បានពាំនាំដោយក្តីនឹករលឹក នូវការសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាមានទុក្ខលំបាកនោះឡើយ។
ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។
លោកជំទាវ លឹម មួយស្រៀន នួនផា័រត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងកុំឱ្យមានជំងឺប៉ះពាល់ដល់សុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ការពារកុំឱ្យបាត់បង់អាយុជីវិត ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ការផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។
គួរបញ្ជាក់ផងដែរថា គ្រួសារដែលមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។