ឯកឧត្តមបណ្ឌិត លី ណារុន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្អែកលើបាវចនា៥មាន(កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព)
(ខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំឆមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរង ក្រុង/ស្រុក ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្ត សរុបចំនួន៦៥នាក់ ស្រី០៦នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី រួចមក ឯកឧត្តមបណ្ឌិត លី ណារុន បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជំរៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាការ ដោយផ្អែកលើបាវចនាចំនួន៥គឺ៖(កំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចិរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់, ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ, ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន, ៥-ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះផងដែរឯកឧត្តមបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ ជនបទបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់។
ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ចូលរួមអនុវត្ត÷ ១.ស្នើសុំរួមគ្នាបន្តការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ឯករាជ្យ អធិបតេយភាព និងបូរណភាពទឹកដី រួមទាំងការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេស។ ២.ស្វែងយល់បន្ថែមនូវយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសមានប្រាក់មធ្យមកម្រិតខ្ពស់ និង២០៥០ ប្រាក់ចំណូលកម្រិតខ្ពស់។ ៣. ស្នើសុំលើកកម្ពស់គុណភាពផ្លូវ បរិមាណ។ ៤. ស្នើសុំធ្វើការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងការរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ ៥.ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស័្រយទាក់ទងតាមសហគមន៍មូលដ្ឋាន ព្រមទាំងខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំនុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
៦. ផ្សព្វផ្សាយជូនដល់ប្រជាជន អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាសមិទ្ធិផលនានា ដែលមាននៅក្នុងមូលដ្ឋាន។
៧. ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងពីការរួមគ្នាថែទាំគុណភាពផ្លូវ។
៨. បន្តសាមគ្គីភាពផ្ទៃក្នុង ផ្តល់ព័ត៌មានគ្នាប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យបានប្រសើរ។ ៩.ចូលរួមថែរក្សា សម្ភារៈ បរិក្ខា ដែលជាសម្បត្តិរដ្ឋ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។