អភិបាលរងខេត្ត កំពង់ធំ ស្នើដល់ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ចូលរួម ពិធីបុណ្យកាន់បិណ្ឌ ជាមួយរដ្ឋបាលខេត្តឱ្យបានច្រើនកុះករ
កំពង់ធំ ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានស្នើដល់ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ចូលរួម ពិធីបុណ្យកាន់បិណ្ឌ ជាមួយរដ្ឋបាលខេត្តឲ្យបានច្រើនកុះករ ។ លោកជំទាវបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពី កម្មវិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ របស់រដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2024 .
លោកជំទាវ លំ គន្ធារី ក៏បានលើកឡើងផងដែរថា ពិធី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពេលវេលាមួយដ៏ល្អ សម្រាប់ផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានជួបជុំគ្នា ហើយជាពិសេសនោះ គឺបានធ្វើបុណ្យ ឧទ្ទិសកុសល្យ ទៅដល់ញាតិការ ទាំងឡាយណាដែលបានទទួលមរណៈកាលកន្លងទៅ. ហើយក៏ជាពេលវេលាមួយ សម្រាប់ឱ្យបងប្អូនទាំងទីជិតនឹងទីឆ្ងាយបានមកលេងស្រុកកំណើតផងដែរ។
លោកជំទាវក៏បានបន្តទៀតថា រដ្ឋបាលខេត្តកំពង់ធំនិង រៀបចំកម្មវិធីបុណ្យកាន់បិណ្ឌនេះ ឱ្យបានអធិកអធម្មទៅតាមវត្តនីមួយៗដែលបានគ្រោងទុក.ហេតុដូច្នេះហើយ ទើបលោកជំទាវបានស្នើសុំទៅដល់មន្ត្រីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត នឹង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្តកំពង់ធំ អញ្ជើញចូលរួមឱ្យបានច្រើនកុះករជាមួយនឹងរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
គូបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនិងធ្វើពិធីបុណ្យកាន់បិណ្ឌ ចំនួន 4 វត្តនៅក្នុងខេត្តកំពង់ធំ ដែលក្នុងនោះរួមមាន ÷ ១. វត្តព្រះពុទ្ធជិនរាជ រសៀលថ្ងៃចន្ទទី 23 ខែកញ្ញា ចូលកាន់បិណ្ឌ បញ្ចប់នៅព្រឹកថ្ងៃអង្គារទី 24 ខែកញ្ញាឆ្នាំ 2024. ២. វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ រសៀលថ្ងៃអង្គារ ទី 24 ខែកញ្ញា ចូលកាន់បិណ្ឌ និងបញ្ចប់នៅព្រឹកថ្ងៃពុធទី 25 ខែកញ្ញាឆ្នាំ 2024. 3. វត្តទេពនិមិត្ត ហៅវត្តធម្មយុទ្ធ រសៀលថ្ងៃទី 25 ខែកញ្ញាចូលកាន់បិណ្ឌ បញ្ចប់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 26 ខែកញ្ញាឆ្នាំ 2024. 4. វត្តសីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក ឬវត្តក្មេកខ្វក់ ចូលកាន់បិណ្ឌ នៅរសៀលថ្ងៃសុក្រទី 27 ខែកញ្ញា និងបញ្ចប់នៅព្រឹកថ្ងៃសៅរ៍ទី 28 ខែកញ្ញា ឆ្នាំ 2024 ។
អត្ថបទ ដោយលោកលន សុភា.ពិនិត្យដោយសេក សាវេត