ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងភរិយា នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត នៅថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
(កំពង់ធំ)៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងភរិយា ដឹកនាំសហការីនាំយកទៅឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹងនិង អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១១ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ១៥ គ្រួសារ នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ហើយនៅក្នុងឱកាសនេះសម្ដេច និងលោកជំទាវ បានសូមជូនពរដល់លោកពូ អ្នកមីង ជាអតីតយុទ្ឋជន និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសនេះ អំពីសភាពការណ៍នៃសង្គ្រាមឃ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានសៀមមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានវាយប្រហារដោយយន្តហោះ កាំភ្លើងធំ គ្រាប់បែកចង្កោម រួមទាំងបានប្រើប្រាស់ផ្សែងពុល ដែលជាអាវុធខុសច្បាប់ ដែលអន្តរជាតិបានហាមឃាត់ មកលើកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំ បាញ់ចូលប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ ។ តែវីរភាពដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទនៃយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការរំលោភឈ្លានពានបានឡើង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដីរបស់យេីង ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ ព្រះរាជាណាចក្រកម្ពុជានៃយើង ។
នៅក្នុងឱកាសនេះឧត្ដមសេនីយ៍ទោសោម ស៊ុន និងភរិយាបានប្រគល់ជូន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន១៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន០១យួរផងដែរ។ អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។