ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញនូវគោលការណ៍ ០៣ ចំណុច សំខាន់ៗ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក យកទៅអនុវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំដឹកនាំកិច្ចប្រជុំ ពង្រឹងការងារចរាចរណ៍ផ្លូវគោក និងការងារសណ្តាប់ធ្នាប់សាធារណៈ ដល់កងកម្លាំងនគរបាលចូលរួមប្រមាណ ៣០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ សំណេះសំណាលជាមួយកងកម្លាំងដោយថ្លែងថា ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើន ខេត្ត ជាខេត្តមួយ ក្នុងចំណោមខេត្តដ៏ទៃទៀត ដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់លើវិស័យ កសិកម្ម សិប្បកម្ម ព្រមទាំងកសាង ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ រោងចក្រ សិប្បកម្មនានា រីកចំរើនគួរជាទីមោទនៈរហូតខេត្តកំពង់ធំ បានផ្លាស់ប្ដូរមុខមាត់ថ្មី ជាខេត្ត ជាប់ជ័យលាភី ជាទីក្រុងស្អាត ទីក្រុងទេសចរណ៍ និងទីក្រុងគ្មានផ្សែងបារី ។
ដើម្បីចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ដែលថ្នាក់ដឹកនាំសម្រេចបានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប សំដៅថែរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ករបរិយាកាស ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានអញ្ជើញទស្សនា តាមទីកម្សាន្ត តាមរមណីយដ្ឋាននានា ទូទាំងខេត្ត ។
បន្ទាប់មកលោកស្នងការ ក៏បានណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ÷១-ត្រូវរួមគ្នាគិត រួមគ្នាធ្វើដោយអនុវត្តតួនាទី ភារកិច្ច ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងជាយថាហេតុ តាមគោលដៅមួយចំនួន រួមមាន ÷.គោលដៅផ្លូវរង្វង់មូលវិមានឯករាជ្យ,.គោលដៅផ្លូវវិថីប្រជាធិបតេយ្យ,.គោលដៅផ្លូវលេខ៤,.គោលដៅផ្លូវតាមបណ្ដោយសួនមាត់ស្ទឹងសែន។ ២-មន្ត្រីជំនាញ គ្រប់ពេលវេលា បំពេញភារកិច្ច ត្រូវគ្រងឯកសណ្ឋាន ឱ្យសក្តិសមជាមន្ត្រីនគរបាលជាតិ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ សុជីវធម៌ និងធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ ។ ៣-បន្តអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរព អនុវត្តបានព្រមៗគ្នា ដើម្បីជៀសផុតពី ហានិភ័យ ដែលកើតឡើង ពីគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទដោយស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។