លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពមន្ត្រីនគរបាលស្រុកស្ទោង
(កំពង់ធំ)÷រសៀលថ្ងៃ អាទិត្យ ទី ២១ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។
លោកអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង បានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង ៣០ នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៥១ ឆ្នាំ ហើយត្រូវបានក្រុមគ្រួសារសពបានរៀបចំធ្វើបុណ្យតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានសពក្នុងភូមិ ពន្លាជ័យ ឃុំ បន្ទាយស្ទោង ស្រុក ស្ទោង ខេត្តកំពង់ធំ ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមរំលែកជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះមរណភាពលោក ទូច សុជាតិ គឺការបាត់បង់ មេគ្រួសារ ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌
និងជាមន្ត្រីគំរូមួយរូប ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃអធិដ្ឋាននគរបាលស្រុកស្ទោង ដែលអ្នកផងទាំងពួង គោរពស្រឡាញ់ ។
ខណៈនោះដែរ លោកស្នងការ បានលើកឡើង អំពីស្នាដៃ គុណបំណាច់ ចំពោះជាតិមាតុភូមិ នាពេលកន្លងមក លោកទូច សុជាតិ បានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ បទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ជូន សម្រេចបានលទ្ធផលជោគជ័យ ជាបន្តបន្ទាប់ ជាពិសេសការចូលរួម អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ដែលជាសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ ។
លោកស្នងការ បានគូសបញ្ជាក់ថា បន្ទាប់ពីមរណភាពលោក ទូច សុជាតិ មន្ត្រីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានថវិកា ឧបត្ថម្ភ ជូនគ្រួសារលោកស្រី បន្ថែមទៀត ។
ជាកិច្ចចុងក្រោយ លោក បានឧបត្ថម្ភ អង្ករចំនួន ១០០ គីឡូក្រាម ស្មើនឹង ៣០០,០០០រៀល, ទឹកបរិសុទ្ធ,ថវិកាមិត្តជួយមិត្តចំនួន ២,០០០,០០០ រៀល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ៦,០០០,០០០ រៀល សរុបថវិកា ៨,៣០០,០០០រៀល ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមចំណាយដោះស្រាយក្នុងពិធីបុណ្យ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
