លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួនដោយផ្ដោតលើគុណភាព ជាងបរិមាណ
(កំពង់ធំ)៖ លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងពិធីដេញថ្លៃ សាងសង់គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ របស់ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅសាលាឃុំពពក កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងផ្លូវគ្រប់ប្រភេទទាំងផ្លូវដីស ក្រួសក្រហម ផ្លូវបេតុង ឬផ្លូវកៅស៊ូ អាជ្ញាធរឬគណៈកម្មការលទ្ធកម្មឃុំត្រូវពិនិត្យលទ្ធភាពជាក់ស្ដែង និងឱ្យអស់ពីលទ្ធភាពបំផុត ធ្វើជាលូប្រអប់ឱ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការរំដោះទឹកជំនន់ឬការកកស្ទះនានា ជាពិសេស វាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាផ្លូវឱ្យមានគុណភាពល្អថែមទាំងប្រើប្រាស់បានយូរថែមទៀត។
ជាមួយនេះផងដែរ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវបើកដំណើរការការដ្ឋាន និងសម្ពោធសមិទ្ធផលការចូលរួមតាមដានត្រួតពិនិត្យដំណើរការសាងសង់ផ្លូវក្នុងមូលដ្ឋាននេះ ដើម្បីធានាបាននូវផ្លូវប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យា ផ្លូវជូនប្រជាពលរដ្ឋប្រើប្រាសបានយូរអង្វែង។
លើសពីនេះទៀតលោកអភិបាលស្រុក បានកោតសរសើរខ្ពស់ដល់នីតិវិធី និងដំណើរការដេញថ្លៃគម្រោងនៅក្នុងឱកាសនេះដែលបានប្រព្រឹត្តទៅបានដោយរលូន មានប្រសិទ្ធភាព តម្លាភាពបំផុត ក្រោមក្រសែរភ្នែកគណៈអធិបតី ភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាពថែមទៀត។
ជាចុងបញ្ចប់ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវពង្រឹការផ្ដល់សេវា កែលម្អឱ្យបានទាន់ពេលវេលារាល់ចំណុចខ្វះខាត និងអវិជ្ជមានកន្លងមក ហើយបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការថែរក្សាសម្បត្តិសាធារណៈ ដីចំណីផ្លូវ បរិស្ថាន អនាម័យឱ្យបានជាប់ជាប្រចាំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។











![]()
