ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដោយពិនិត្យ និងសម្រេច អនុម័តលើរបៀបវារៈសំខាន់ៗចំនួន៥ រួមទាំងបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្ត និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
(កំពង់ធំ)៖ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដោយបានពិនិត្យ ពិភាក្សា និងសម្រេចអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៥ ដើម្បីជំរុញការអនុវត្តការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តឱ្យមានប្រសិទ្ធភាព។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី៣ “២០២៦-២០២៧” ៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និង៥- បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត គ្រប់មន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។
បន្ទាប់ពីការពិភាក្សា អង្គប្រជុំបានសម្រេចអនុម័តរបៀបវារៈដោយការលើកដៃរួចមកឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ ឱ្យមានភាពត្រឹមត្រូវ មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ។
លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកយកបញ្ហានានាពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្ត និងបានផ្តល់អនុសាសន៍មួយចំនួនដល់អង្គភាពពាក់ព័ន្ធ ដើម្បីបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ















![]()
