ឯកឧត្តមបណ្ឌិត សួង ណយ ដឹកនាំសិក្ខាសាលាស្តីពី ដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យ កសិកម្ម សិប្បកម្ម សេវាកម្ម និងពាណិជ្ជកម្ម នៅស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ នៅពេលថ្មីៗនេះនៅសាលប្រជុំសាលាស្រុកប្រាសាទសំបូរ ដឹកនាំឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្តីពី ដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យ កសិកម្ម សិប្បកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដោយមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ៥៣រូប ក្នុងនោះមកពីស្ថាប័នថ្នាក់ជាតិចំនួន៣រូបមន្ទីរតាមវិស័យចំនួន៥រូបមន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកប្រាសាទសំបូរ២រូប មេឃុំ២រូប មន្រ្តីកសិកម្មឃុំ៤រូប សហគមន៍កសិកម្មទំនើប២៤រូប អ្នកផ្ដល់សេវាកម្ម(ផ្ទះសំណាក់ មគ្គុទេសទេសចរណ៍)៣រូប ស្ថាប័នហិរញ្ញវត្ថុ (ARDB, KE, SME Bank និង Sathapana bank) ១០រូប។
ឯកឧត្តមបណ្ឌិត សួង ណយ បានបង្ហាញពីគោលបំណងនៃវេទិកាសិក្ខាសាលា ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្តុ ហិរញ្ញប្បទាន និងការចែករំលែកព័ត៌មាន ឱ្យបានច្បាស់លាស់អំពី÷ ប្រភពហិញ្ញវត្ថុពីស្ថាប័នខាងលើ ដែលមានការប្រាក់សមរម្យតាមវិស័យដូចជា កសិកម្ម សិប្បកម្ម ឧស្សាហកម្ម សេវាកម្ម ភស្តុភាកម្ម និងពាណិជ្ជកម្ម។ ការគ្រប់គ្រង ការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។ របៀបស្នើសុំហិរញ្ញប្បទាន និងហិរញ្ញវត្ថុ តាមរយៈការណែនាំ និងពន្យល់ដោយមន្ត្រីស្ថាប័នហិរញ្ញវត្ថុខាងលើ ជាពិសេសអ្នកធ្លាប់ទទួលបានត្រូវជួយណែនាំដល់អ្នកដែលមានបំណងចង់ដាក់ពាក្យស្នើសុំ។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានលើកឡើងថាការពិភាក្សាត្រូវបានផ្ដោតលើហិរញ្ញប្បទាន(Loan) និងអំណោយ(Grand) ក្នុងចំណោមហិរញ្ញវត្ថុ(Access to Finance) ក្នុងនោះរួមមាន៖ Term Loan (TL)ឥណទានមានរយៈពេលកំណត់។ Overdraft (OD) ឥណទានវិបារូបន៍។ Loan Refinance ការផ្តល់ប្រាក់កម្ចីឡើងវិញ។ Restructuring Loan ការប្ដូរលក្ខខណ្ឌឥណទាន។ ថវិកាជំនួយឥតសំណងអ្វីដែលជាការទាក់ទាញជាងគេសម្រាប់អ្នកខ្ចីគឺ ការប្រាក់លើវិស័យសេវាកម្មទេសចរណ៍ ៤%ក្នុងមួយឆ្នាំ ប្រភេទអាជីវកម្មកែច្នៃផលិតផលកសិកម្មការប្រាក់៥%ក្នុងមួយឆ្នាំ ជាពិសេសម្ចាស់អាជីវកម្មជាស្ត្រីភេទបញ្ចុះបាន០.២៥%ក្នុងមួយឆ្នាំបន្ថែមទៀត ហើយកម្ចីខ្លះទៀតមិនតម្រូវឱ្យមានទ្រព្យធានាឡើយ។ រីឯជំនួយឥតសំណងរបស់សហគ្រិនខ្មែរអាចទទួលបានពី២.០០០$-២៥.០០០$ ។ ជាមួយគ្នានេះផងដែរអ្នកដែលបានចូលរួមទាំងអស់សន្យាថានឹងចែករំលែកព័ត៌មានបន្ត។
ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ ក្រោយពីកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នកទទួលឥណទាន អ្នកខ្ចី អ្នករួមខ្ចី និងស្ថាប័នផ្ដល់សេវាហិរញ្ញវត្ថុ ឃើញថាមានភាពវិជ្ជមានជាច្រើនដែលអាចឈានទៅកិច្ចព្រមព្រៀងក្រោយវេទិកា/សិក្ខាសាលា។ ក្រុមការងារនិងបន្តតាមដាននូវរាល់សកម្មភាពទាំងអស់ខាងលើ ហើយបន្តរាយការណ៍ជូនថ្នាក់ដឹកនាំបន្តទៀត។ អត្ថបទឯកឧត្តមបណ្ឌិត សួង ណយ