លោក អ៊ុត វណ្ណារីន និងសហការី ចុះពិនិត្យមើលការចិញ្ចឹមនិង មើលថែពពែ ស្ថិតនៅសហគមន៍ឧកញ៉ាមហាពពាយ ក្នុងភូមិក្រសាំង ឃុំត្រពាំងឬស្សី
(កំពង់ធំ)៖ កាលពីពេលថ្មីៗកន្លងទៅនេះលោកមេឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន និងសហការីបានអញ្ជើញចុះពិនិត្យមើលការចិញ្ចឹមនិងមើលថែពពែស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណារីន បានឱ្យដឹងថា ដោយផ្ដោតទៅលើការការពារធនធានធម្មជាតិក្រុមប្រឹក្សាឃុំបានស្វែងរកមូលនិធិ ដើម្បីគាំទ្រទៅដល់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ឈ្មោះសហគមន៍ឧកញ៉ាមហាពពាយ បានទទួលថវិកាពីអង្គកាកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ទទួលបានទុនពីអង្គការ CWS បានផ្ដល់នូវពូជពពែចំនួន២០០ក្បាល។ លោកបានបន្តទៀតថា ពូជពពែទាំង២០០ក្បាលនេះគឺបានបែងចែកទៅសមាជិកសហគមន៍ព្រៃឈើចំនួន១០០ក្បាលនិងសហគមន៍នេសាទចំនួន១០០ក្បាល។ ដើម្បីឱ្យសមាជិកសហគមន៍រកចំណូលបន្ថែមតាមរយៈចិញ្ចឹមពពែ ក្នុងការលក់ ជួយទ្រទ្រង់ដល់សហគមន៍របស់ខ្លួននីមួយៗ។ ក្នុងរយៈពេលយកមកចិញ្ចឹមនៅទីតាំងចំណុចបឹងអំពិលកន្លងមកឃើញថាពពែមានជំងឺ និងការផ្លាស់ប្ដូរអាកាសធាតុបានធ្វើឱ្យជំងឺយាយីដល់សត្វពពែ បណ្ដាលឱ្យពពែស្លាប់មួយចំនួនផងដែរ។ ប៉ុន្តែក្រោយពីគណៈកម្មការគ្រប់គ្រងសត្វពពែនេះបានទំនាក់ទំនងទៅខាងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីសុំមន្ត្រីជំនាញ មកពិនិត្យ និងព្យាបាល ឃើញថារហូតមកដល់ពេលនេះសុខភាពសត្វពពែមិនមានបញ្ហាអ្វីឡើយ។ ហើយក៏អាចសាំនឹងអាកាសធាតុនៅទីនេះផងដែរ ថ្មីៗនេះពពែក្រុមសហគមន៍នេសាទ ឧកញ៉ា មហាពពាយ បានកើតកូនពពែមួយក្បាលផងដែរ។ នៅខែក្រោយៗទៀតអាចនឹងមានកូនពពែ កើតបន្តបន្ទាប់ទៀតព្រោះមកដល់ពេលនេះពពែផើមចំនួន២០ក្បាលហើយ។
លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សីបានលើកដឹងថា ការចិញ្ចឹមពពែមិនត្រឹមតែជួយរក្សាធនធាធម្មជាតិ និងការស្រឡាញ់សត្វពពែតែប៉ិណ្ណោះទេ តែវាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់កសិករព្រោះពពែបានបំលែងនូវប្រភេទចំណីដែលមានតម្លៃថោកទៅជាផលិតផលដែលមានតម្លៃថ្លៃ។ ដូចជាសាច់ ទឹកដោះនិងស្បែកពពែមានលក្ខណៈសមស្របនិងការប្រើប្រាស់ប្រភពចំណីធម្មជាតិជាងសត្វផ្សេងទៀត មានស្លឹករុក្ខជាតិជាច្រើនដែលពពែចូលចិត្តស៊ី ហើយកសិករងាយរកបាន និងចំណាយថវិកាតិចមានដូចជា ស្មៅចំណីសត្វ កន្ធំថេត ស្លឹកដំឡូងជ្វា បន្លាយួន ពុទ្រា ស្លឹកអំពិលទឹក ស្លឹកអង្គារដី ស្លឹកគរ ស្លឹកអញ្ចាញ និងស្លឹកថ្លើមអណ្តើក។
លោក លឹម ភេទ មេភូមិក្រសាំង និងកសិករមើលថែពពែមានភាពសប្បាយរីករាយ និងថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំ ឃុំនិងម្ចាស់ជំនួយព្រមទាំងប្រជាពលរដ្ឋទាំង១០០គ្រួសារនៅក្នុងសហគមន៍ដែលបានគាំទ្រ និងមើលថែពពែឱ្យមានសុខភាពល្អ និងនិងសំណូមពរដល់សប្បុរសជនក៏ដូចជាស្ថាប័នដែលមានធនធាន សូមជួយផ្ដល់ពូជពពែដល់សហគមន៍នេះបន្ធែម ដើម្បីពង្រីកការមើលថែពូជពពែដល់ប្រជាពលរដ្ឋនៅក្នុងភូមិផ្សេងៗទៀត។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។