ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ÷ ប្រមូលផ្តុំប្រជុំជួរត្រួតពិនិត្យវត្តមានជាក់ស្ដែងរបស់កងកម្លាំង ដែលមកអនុវត្តភារកិច្ចជាប្រចាំថ្ងៃ
(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្ត។ បន្ទាប់ពីលំហាត់របៀប វិន័យកងជួរ រួចមកលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ថ្ងៃនេះ លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខ សុខុមាលភាពរបស់បងប្អូនកងកម្លាំងនាឱកាសនេះ និងផ្សព្វផ្សាយ ដាក់គោលការណ៍ថ្មីៗ មួយចំនួន ដល់បងប្អូនកងកម្លាំង ដើម្បីអនុវត្តបន្ត សម្រេចបានជោគជ័យបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានសង្កេតឃើញថា រយៈពេលកន្លងទៅថ្មីៗនេះ បងប្អូនកងកម្លាំងមានស្មារតីភ្ញាក់រលឹក ប្រកបដោយមានទំនួលខុសត្រូវខ្ពស់ លើការងារ÷ ១-ការគោរពអនុវត្តវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។ ២-ការងារការិយាល័យជំនាញ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ ដោយអនុវត្តតាម តួនាទី/ភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរ
បាលរាជធានី-ខេត្ត។ ៣-ការងារជាក្រុម ប្រមូលផ្ដុំកងកម្លាំងប្រចាំការ ប្រចាំបញ្ជា ប្រជុំជួរ ត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់កងកម្លាំង សម្រាប់ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ៤-ការងារសប្បុរសធម៌ ចេះរំលែក យោគយល់ ជួយយកអាសាគ្នា ទៅវិញទៅមក នាគ្រាជួបទុក្ខលំបាក។
លោកឧត្តមសេនីយ៍ ស្នងការ បានគាំទ្រ និងលើកទឹកចិត្តចំពោះសមិទ្ធផល ស្នាដៃ និងអំពើល្អនានា របស់បងប្អូនកងកម្លាំងយើងសម្រេចបាន នាពេលកន្លងមក ព្រមទាំងណែនាំ ដល់បងប្អូន ត្រូវបន្តថែរក្សានូវអ្វីៗ ដែលមាននាកន្លងមក ដើម្បីចូលរួមជ្រុំជ្រែងអភិវឌ្ឍជំនាញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅធានា រក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របគោលនយោបាយ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។