មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ” ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី”
កំពង់ធំ ÷ នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ” ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី” ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។ ដោយពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារយេនឌ័រ មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត និងក្រុងស្រុកទាំង ៩ ។
លោកស្រី ស៊ឹន ស៊ីផាន ប្រធានមន្ទីរ កិច្ចការនារី ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងធំ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងបន្ថែម នូវភាពជាអ្នកដឹកនាំរបស់ស្ត្រី នឹងការគ្រប់គ្រងដល់ស្ត្រីនិងក្មេងស្រី ពីព្រោះនេះគឺជាត្រីវិស័យ ក្នុងការជំរុញ សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី ក្នុងវិស័យសាធារណៈ ។ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីអង្គសិក្ខាសិលាបានបញ្ចប់ សហការី និងសិក្ខាកាមទាំងអស់ និងមានការប្រែប្រួល នូវឥរិយាបថក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព មានភាពរហ័សរហួន និងក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់អង្គភាពនៅក្នុងខេត្តកំពង់ធំ និងក្នុងប្រទេសកម្ពុជាយើង។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលបានខិតខំ សម្របសម្រួល និងរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើង ដែលបានឆ្លុះបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ខ្ពស់ អំពីការកសាងធនធានមនុស្ស ជាពិសេស ការផ្ដល់ឱកាសឲ្យស្ត្រីបានបញ្ចេញនូវសមត្ថភាព ក្នុងជួរជាមន្ត្រីរាជការផងដែរ។
ជាមួយគ្នានោះ លោកជំទាវ អភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ ជាមតិផ្ដាំផ្ញើ ចំនួន៤ចំណុច ដល់សិក្ខាកាមរួមមាន ÷ ១. សូមពង្រឹងភាពជឿជាក់លើខ្លួនឯងចំពោះបងប្អូនដែលជាស្ត្រី ត្រូវចេះជម្រុះចោលនូវភាពស្ទាក់ស្ទើរ ការរារែក និងមន្ទិលទៅលើសមត្ថភាពរបស់ខ្លួន។ ២. សូមបន្តការរៀនសូត្រ ដោយឥតឈប់ឈរ នូវយុទ្ធសាស្ត្រថ្មីៗ ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឲ្យការងាររបស់យើងដើរទាន់សម័យកាល។ ៣. ការកសាងបណ្ដាញ សាមគ្គីភាពផ្ទៃក្នុង ដើម្បីចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញទៅមក ។ ៤. តុល្យភាព រវាងការងារនិងគ្រួសារ ដោយស្ត្រីត្រូវចេះបែងចែកពេលវេលា សម្រាប់អនុវត្តការងារផ្ទាល់ខ្លួន និងបង្កភាពរីករាយនៅក្នុងសង្គមគ្រួសារឲ្យបានល្អផងដែរ។
ជាចុងបញ្ចប់ លោកជំទាវ អភិបាលរងខេត្ត បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ឲឱ្យបានខ្ពស់ ក្នុងការក្រេបយកចំណេះដឹងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ។ ហើយពេលត្រឡប់ទៅមូលដ្ឋានវិញសូមយកចំណេះនិងជំនាញដែលបានមកពីអង្គសិក្ខាសិលា ទៅបម្រើជាផលប្រយោជន៍នៅក្នុងសង្គម តាមមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់យេនឌ័រ ឱ្យកាន់តែមានភាពប្រសើរឡើង ។
អត្ថបទ លោកលន សុភា.ពិនិត្យដោយសេក សាវេត























![]()
