រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តឥន្ទ្រីយសំវរៈ (ហៅវត្តកំពង់ធំ)
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបុណ្យវិសាខបូជា នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ) ។
រដ្ឋបាលខេត្តកំពង់ធំ បានប្រគេននូវ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន សម្រាប់ផ្គត់ផ្គង់ទំនុកបម្រុងព្រះសង្ឃសមណសិស្សគង់សិក្សារៀនសូត្រក្នុងវត្តឥន្រ្ទីយ៍សំវរៈ ចំនួន ២២៥អង្គ ផងដែរ។
សូមបញ្ជាក់ថា វិសាខបូជា គឺជាពិធីបុណ្យជាតិមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន៕ អត្ថបទ-រូបភាព ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។