អភិបាលស្រុកស្ទោង ធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រាសាទបន្ទាយស្ទោង
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយចម្រើនរុងរឿង ដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឆ្នាំថ្មី និងសុំពរជ័យផងទាំងឡាយពី ទេវតាឆ្នាំថ្មីព្រះនាមរាគ្យសាទេវី និងម្ចាស់បារមីទាំងអស់ដែលកំពុងឃុំគ្រងថែរក្សាប្រាសាទបុរាណបន្ទាយស្ទោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ដូចជាជួយថែរក្សាវីរៈកងទ័ពជួរមុខការពារព្រំដែនសុវណ្ណភូមិនៃយើងបានសុខសប្បាយឈ្នះអស់មាសត្រូវឈ្លានពានផងដែរ។
នៅក្នុងពិធីដ៏ នក្ខត្តឫក្សនេះ ក៏មានការលេងភ្លេងពិណពាទ្យថ្វាយដល់ម្ចាស់បារមីទាំងអស់ដែលបានស្នងរូបនៅក្នុងឱកាសនេះហើយលោកអភិបាលស្រុកស្ទោងបានចែកនូវសារុងចំនួន២០សារុង និងថវិកាសរុបចំនួន១លាន៥០ម៉ឺនរៀល ដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង ប្រជាការពារ និងលោកតាលោកយាយដែលបានអញ្ជើញនៅក្នុងកម្មវិធីដ៏រីករាយនេះផងដែរ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយស្ទោង ជាប្រាសាទឥដ្ឋ មានប្រវត្តិយ៉ាងជិតស្និទ្ធបំផុតទៅនឹងរឿងព្រេង និងប្រវត្តិសាស្ត្រនៃប្រវត្តិស្រុកស្ទោងរហូតមកដល់សព្វថ្ងៃនេះ ហើយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន តែងតែធ្វើពិធីបួងសួងសុំពរជ័យនេះជារៀងរាល់ឆ្នាំកន្លងមកក៏ដូចជានៅក្នុងឆ្នាំនេះផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។


















![]()
