ឯកឧត្តម ឈា ប៊ុនរិទ្ធ ការចុះសិក្សាផ្ទាល់ពីគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជាដើម្បីធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង និងជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុថែមទៀត
(កំពង់ធំ)៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកមបានអញ្ជើញដឹកនាំក្រុមបេសកកម្មធនាគារពិភពលោកគាំទ្រលើការអនុវត្តគម្រោងលើកទី១ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ធ្វើដំណើរទស្សនកិច្ចប្រព័ន្ធធារាសាស្ត្រ អាងទឹក៣០កញ្ញា ដែលមានទីតាំងស្ថិតនៅលើស្រុកបីគឺស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយនិងស្រុកស្ទោង នៃខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៥។
សូមជម្រាបថា ដំណើរទស្សនកិច្ចនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយកគម្រោង និងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារជំនាញការរបស់ធនាគារពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជាច្រើនរូបផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រ និងចំណាប់អារម្មណ៍របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់អនុគម្រោងផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិពាក់ព័ន្ធ សហគមន៍កសិកម្មព្រមទាំងប្រជាពលរដ្ឋដែលកំពុងទទួលផលពីអាងទឹកនិងប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីទទួលបាននូវធាតុចូលបន្ថែម សម្រាប់ធ្វើការសិក្សាគម្រោងឱ្យមានភាពគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជាត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ។ គម្រោងនេះនឹងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។