លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចសហការ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចសហការ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក តំណាងគណបក្ស និង តំណាងអង្គការ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ។
ឯកឧត្តម អ៊ុន បុត្ត បានសំណូមពរ ដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ និងសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
លោក ជា ពុំ បានថ្លែងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើ បញ្ជីបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ លើក លែងតែឆ្នាំដែលមានរៀបចំការបោះឆ្នោតជាសកល ដែល គ.ជ.ប មានសិទ្ធិសម្រេចកាល បរិច្ឆេទផ្សេងពីនេះបាន។ ជាក់ស្តែង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ នេះ គ.ជ.ប បានកំណត់កាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៥ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។
គួរបញ្ចាក់ផងដែរថា គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាពជាមួយក្រុម ចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំដោយចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ឆ្នាំ២០២៨ និងការបោះឆ្នោតជាសកលនៅឆ្នាំជាបន្តបន្ទាប់ទៀត ៕ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។