អភិបាលស្រុកស្ទោង អញ្ជើញស្រង់ព្រះស្រោចស្រពសុគន្ធវារី នៅវត្តឥន្ទរង្សី
(កំពង់ធំ)÷>លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញស្រង់ទឹកព្រះ និងស្រោចស្រពសុគន្ធវារីដល់ព្រះគ្រូ ភិក្ខុចិត្តសំវរោ ថេ សិត ព្រះគ្រូចៅអធិការវត្តឥន្ទរង្សី (ហភវត្តហប់) និងស្រោចទឹកដល់ប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានអញ្ជើញមកកម្សាន្តសប្បាយក្នុងពិធី “ស្រង់ព្រះត្រាស់ចេត្រ ” វត្តឥន្ទរង្សី ស្ថិតនៅក្នុងភូមិហប់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងពិធីនេះដែរ ក៏មានការសុំខមាទោសកំហុសទាំងឡាយ ទាំងកាយ វាចា ចិត្តក្តី ពីព្រះគ្រូចៅអធិការ ព្រះឧបជ្ឈាយ៍ ដើម្បីសុំការអនុញ្ញាតអត់ឱនទោសសព្វបែបយ៉ាងដែលសិស្សគណ ក៏ដូចជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ មានការខុសឆ្គងដោយប្រការណាមួយ ក៏ដូចជាការសូមពរជ័យសេចក្តីសុខសប្បាយពីព្រះអង្គ និងទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមប្រោះប្រទាននូវ សព្វសាធុកាពរ សេចក្តីសុខសប្បាយសិរីសួស្ដីបវរមហាប្រសើរដល់សិស្សគណនិងប្រជាពលរដ្ឋគ្រប់ៗរូប ក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រនិងបង្ករភាពស្និទ្ធស្នារវាងប្រជាពុទ្ធបរិស័ទព្រះសង្ឃ ការចូលរួមថែរក្សានូវទំនៀមទំលាប់ប្រពៃណីបុរាណខ្មែរនិងថ្នាក់ដឹកនាំស្រុកស្ទោងផងដែរ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានអញ្ជើញកម្សាន្តសប្បាយលេងល្បែងប្រជាប្រិយនានា ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទនៅក្នុងឱកាសនេះយ៉ាងសប្បាយរីករាយថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ថ្វីដ្បិតសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ទៅហើយក្តី ប៉ុន្តែវត្តអារាមមួយចំនួនធំនៅក្នុងស្រុកស្ទោង ក៏ដូចជាវត្តឥន្ទរង្សីនេះ នៅតែបន្តលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ទៅតាមតំបន់និងការនិយមរបស់អ្នកមូលដ្ឋាននៅឡើយទេ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។