រដ្ឋបាលឃុំទំរីង ស្រុក សណ្ដាន់ និងរដ្ឋបាលឃុំបឹងល្វាស្រុក សន្ទុក បើកកិច្ចប្រជុំស្ដីពី ការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កំពង់ធំ)÷ រដ្ឋបាលឃុំទំរីង ស្រុក សណ្ដាន់ និងរដ្ឋបាលឃុំបឹងល្វាស្រុក សន្ទុក ខេត្តកំពង់ធំថ្មីៗនេះ បានបើកកិច្ចប្រជុំស្ដីពី ការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗនេះ។
គោលបំណងកិច្ចប្រជុំនេះ ដើម្បីអនុវត្តតាមការ ណែនាំរបស់គណៈបញ្ជាការឯកភាពស្រុកទាំងពីរ ដោយខិតខំធ្វើយ៉ាងណា ការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅគ្រប់ទីវត្តអារាម និងកន្លែងកំសាន្តផ្សេងៗ តែខ្លួនទទួលខុសត្រូវ ឱ្យទទួលបាននូវ ភាពសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី បង្ការកុំឱ្យជួបបញ្ហា ហានិភ័យគ្រោះថ្នាក់ផ្សេងៗ ។
លោក ស៊ូ សុវណ្ណ មេឃុំទំរីងស្រុកសណ្ដាន់បានប្រាប់ថា ក្រៅពីផែនការរៀបចំសណ្ដាប់ធ្នាប់ជូនប្រជាជន រដ្ឋបាលឃុំបានរៀបចំមហាសង្ក្រាន្តធំ នៅវត្តក្បាលដំរី ក្នុងនោះព្រះគ្រូចៅអធិការវត្ត ព្រះនាម ជីន សុភាន់ ព្រះអង្គបានរៀបចំសំអាតបរិស្ថានក្នុងទីធ្លាបរិវេនវត្តសម្រាប់ ការលេងល្បែងប្រជាប្រិយ និងរាំកំសាន្ត កន្លែងថតរូបអនុស្សាវរីយ៍ និងការតាំងរូបថតជាច្រើនសន្លឹក របស់សប្បុរសជន ពុទ្ធបរិស័ទជាញាតិញោមរបស់ព្រះអង្គ ដែលបានអញ្ជើញមកចូលរួមប្រារព្ធកម្មវិធីបុណ្យទានផ្សេងៗ ហើយការដាក់តាំងរូបថតទាំងនេះ ក្នុងន័យបួងសួងទេវតាឆ្នាំថ្មី ប្រោសព្រំសិរីសួស្ដី និងពរសព្វសាធុការ ជូនដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋជិតឆ្ងាយផងដែរ។
រីឯការរៀបចំសង្ក្រានដែលគាំទ្រដោយរដ្ឋបាលឃុំបឹងល្វាស្រុកសន្ទុក លោកមេឃុំ ក្រិច សុភាព បានប្រាប់ថា គណៈកម្មការវត្តបានរៀបចំ នៅវត្ត សុវណ្ណគីរី ហៅវត្តកំពប់អំបិល ក្នុងនោះបានដឹកនាំចាត់ចែងផ្ទាល់ ដោយព្រះគ្រូចៅអធិការវត្តគោរម្យងារ ព្រះវិជិតសិរីវង្សា អ៊ុង មីដូ ព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ និងជាព្រះគ្រូ សមុហ៍អនុគណ ស្រុកសន្ទុក ព្រះអង្គបានមានព្រះទ័យយកចិត្តទុកដាក់ រៀបចំបានល្អ ឆ្នាំនេះក៏ដូច ជារៀងរាល់ឆ្នាំ មានបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ មកជួបជុំច្រើនកុះករ កំសាន្តសប្បាយក្នុងបរិវេណវត្តយ៉ាងអធិកអឋមក្រៃលែង។
ក្នុងខ្លឹមសារអង្គប្រជុំ សុទ្ធតែបានណែនាំ ដាស់តឿន ដល់ប្រជាពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីនេះ រកទទួលទានមានបាន សុខចម្រើន និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហើយក្នុងនោះ សូម ប្រុងប្រយ័ត្នចំពោះការធ្វើចរាចរណ៍ ពិសេសយុវជនយុវនារី ធ្វើដំណើរតាមយានយន្តក្តីតាមម៉ូតូក្តី សូមមានការប្រុងប្រយ័ត្នខ្ពស់។
ចុងក្រោយព្រះគ្រូចៅអធិការវត្តក្បាលដំរីស្រុកសណ្ដាន់ និងព្រះវិជិតសិរីវង្សា អ៊ុង មីដូ បានមានសង្ឃដឺការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចូលរួមចំណែកកសាងសមិទ្ធផលនៅក្នុងបរិវេណវត្តព្រះអង្គនិងគ្រប់ទីអារាមនានាលើកកម្ពស់ថែរក្សាវប្បធម៌សាសនាជាតិ។ព្រះអង្គសូមថ្លែងអំណរគុណជាអនេកចំពោះអាជ្ញាធរកងកម្លាំងមូលដ្ឋាន ក្រោមការណែនាំពីថ្នាក់លើ យកចិត្តទុកដាក់ ការពាររក្សាធ្នាប់បានល្អ ក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលកន្លងមក ជាក់ស្ដែងឆ្នាំនេះទៀត មានកិច្ចប្រជុំរៀបចំផែនការ ការពារត្រៀមទុកជាមុន របស់រដ្ឋបាលឃុំ រដ្ឋបាលប៉ុស្តិ៍ ធ្វើយ៉ាងណាឱ្យប្រជាជនក្នុងឱកាស បុណ្យចូលឆ្នាំថ្មីឆាប់ៗនេះ មានសុខសុវត្ថិភាព និងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។