ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ(Video inside)
(កំពង់ធំ)៖ស្របពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខិតជិតមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានបញ្ជាក់ប្រាប់សារពព័ត៌មានថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ថាការប្រារព្ធព្រិត្តិការណ៍សំខាន់ខាងលើនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចព្រមទាំងដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លោកសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹម រួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោកស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំតាមបណ្ដាផែនជំនាញនិងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ គោរពលើកកម្ពស់វិន័យ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពសហការល្អ ពង្រឹងការគ្រប់គ្រងកងកម្លាំង រកឲ្យឃើញមន្ត្រីដែលសកម្មមានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្តចំពោះមន្ត្រីសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួយយកអាសាគ្នា នាគ្រាជួបទុក្ខលំបាក។
លោកឧត្តមសេនីយ៍ទោ ហេង សុផល អំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដាក់ដាក់ឲ្យបានត្រឹមត្រូវ គោរពច្បាបប់ចរាចរណ៍ និងមុនចេញពីផ្ទះត្រូវពិនិត្យមើលភ្លើងចង្ក្រាន ទៀនធូប ចៀសវាងមានអគីភ័យកើតឡើងជាយថាហេតុ និងចូលរួមមកលេងឲ្យសប្បាយរីករាយជាមួយសង្ក្រាន្តកំពង់ធំឲ្យបានច្រើនកុះករ ។
គួរបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ព្រះនាម គោរាគៈទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម ។