ខេត្តកំពង់ធំបាន រៀបចំខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ
(កំពង់ធំ)÷ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៣ថ្ងៃ និងចូលមកដល់ ខណៈដែលការរៀបចំតុបតែងកែលម្អរសោភ័ណ្ឌភាពក្រុង របស់រដ្ឋបាលខេត្តកំពង់ធំ កំពុងតែសម្រុកយ៉ាងមមាញឹក ដើម្បីដាក់តាំងបង្ហាញ និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយ មកកំសាន្តសប្បាយរីករាយក្នុងខេត្តកំពង់ធំ ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងស ស យ ក បានអនុវត្តការរៀបចំសង្ក្រាន្តបានប្រមាណជាង៩០% និងគ្រោងបញ្ចប់នៅថ្ងៃទី១១ មេសា ដើម្បីប្រារព្ធធ្វើពិធីក្រុងពាលីនៅថ្ងៃទី១២ មេសាខាងមុខនេះ។ ឆ្នាំនេះការរៀបចំពិធី និងការតុបតែងគឺប្លែក អាចនិយាយបានថា មិនធ្លាប់មានក្នុងខេត្តកំពង់ធំ ពីមុនមកទេ ដូច្នេះសម្រាប់សង្ក្រាន្តខេត្តកំពង់ធំនេះ គឺប្លែកនិងអធិកអធមយ៉ាងខ្លាំង ដោយសាររដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន និងក្រុមការងារ គឺយកចិត្តទុកដាក់រៀបចំកម្មវិធីជាច្រើនសម្រាប់រយៈពេល៣ថ្ងៃនេះ។ លោកប្រធានមន្ទីរ បានបន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥ នេះ សង្ឃឹមនិងជឿជាក់ថា កំណើនភ្ញៀវទេសចរណ៍ និងកើនថ្វេរដង បូករួមទាំងប្រជាពលរដ្ឋមកកំសាន្ដសប្បាយ នៅតាមវត្តអារាម រមណីយដ្ឋាន កន្លែងកំសាន្តផ្សេងៗ ។
ចុងក្រោយ លោកសំណូមពរឱ្យប្រជាពលរដ្ឋយើងទាំងអស់និងភ្ញៀវជាតិ អន្តរជាតិ ចូលមកលេងកំសាន្តសប្បាយនៅខេត្តកំពង់ធំឱ្យបានច្រើនៗកុះករ ព្រោះថា រដ្ឋបាលខេត្តមានទីតាំង និងកម្មវិធីច្រើនសម្រាប់ជូនបងប្អូនបានកំសាន្តសប្បាយរីករាយអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិយើង
បើយើងក្រឡេកទៅមើលភាពជាក់ស្ដែងរហូតមកដល់ថ្ងៃនេះ ទីតាំងសំខាន់ៗ សម្រាប់រៀបចំសង្ក្រាន្ត និងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន គឺក្រុមការងារក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តដែលមានឯកឧត្តម នួន ផារ័ត្ន ជាប្រធាន អនុវត្តបានប្រមាណ៩០%ហើយ ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំង និងតុបតែង តំណាងស្រុក/ក្រុង មានគោម ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ផលិតផលក្នុងស្រុក ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិខេត្តកំពង់ធំ និងអំពូលភ្លើងចំរុះពណ៌ ជាដើម។
ទន្ទឹមនិងស្នាដៃដែលរំលេចឡើងជារូបរាងតាមរយៈការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ធំបាននិងកំពុងបញ្ចេញសោភ័ណ គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ ដែលសបញ្ជាក់ឱ្យឃើញថា សមទ្ធិផលទាំងនេះ មិនធ្លាប់មានក្នុងខេត្ត ដែលគេស្គាល់ថាបង្កប់នៅអាថ៍កំបាំងប្រវត្តិសាស្រ្តយ៉ាងច្រើនមកហើយ។ យ៉ាងណាមិញ
ការរំលេចចេញពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់គិតគួរខ្ពស់របស់ថ្នាក់នាំ បានធ្វើឱ្យខេត្តចំណាស់មួយនេះលេចមុខមាត់ជាថ្មីជាមួយបទចំរៀង កំពង់ធំជំរុំចិត្ត របស់អធិរាជ ស៊ិន ស៊ីសាមុត។
ជាមួយនិងការខិតខំប្រឹងប្រែងរំលេចចេញនៅសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាតរបស់ក្រុមការងារ និងរដ្ឋបាលខេត្តកំពង់ធំ បានធ្វើឱ្យប្រជាពលរដ្ឋមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលទាំងនេះ ដែលស្ដែងឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គិតគួរខ្ពស់ និងការជំរុញករបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ