អភិបាលស្រុកស្ទោង ថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តករណីដើម ដែលបានបរិច្ចាកបច្ច័យសម្រាប់ទិញដីបើកផ្លូវទ័ល ជូនពលរដ្ឋក្នុងមូលដ្ឋានបានធ្វើដំណើរ
(កំពង់ធំ)÷ អភិបាលស្រុកស្ទោង ថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តករណីដើមដែលបានបរិច្ចាកបច្ច័យសម្រាប់ទិញដីបើកផ្លូវទ័ល ជូនពលរដ្ឋក្នុងមូលដ្ឋានបានធ្វើដំណើរ លោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការបានទៅពិនិត្យស្ថានភាពជាក់ស្ដែង និងប្រគល់ថវិកាជូនម្ចាស់ដីដើម្បីទិញដីបើកផ្លូវទ័លភ្ជាប់ពីភូមិចេកទៅភូមិចក ស្ថិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦។
លោកបានឱ្យដឹងថាផ្លូវនេះពិតជាផ្លូវដ៏មមាញឹកមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសបានសម្រួលការធ្វើដំណើររបស់ពលរដ្ឋក្នុងការដឹកកសិផល និងទំនិញនានាទៅកាន់ទីផ្សារ ទីរួមស្រុកស្ទោងក៏ដូចជាសិស្សានុសិស្សទៅសាលារៀនបានឆាប់រហ័សលឿនជាងមុនប្រកបដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចេក និងភូមិចក បានគោរពថ្លែងអំណរគុណនិងអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតដល់លោក សាយ គឹមឡម អភិបាលស្រុក និងព្រះគ្រូចៅអធិការព្រមទាំងលោកអាចារ្យគណៈកម្មការវត្តករណីដើម ដែលបានដឹកនាំសហការព្រមទាំងបរិច្ចាគនូបបច្ច័យដ៏ច្រើន ដើម្បីទិញដីបើកផ្លូវ ដែលទ័លរាប់សិបឆ្នាំមកហើយបានជាផ្លូវភ្ជាប់រវាងភូមិទាំងពីរសម្រាប់ធ្វើដំណើរបានងាយស្រួល និងឆាប់រហ័សជាងមុន។
សូមបញ្ជាក់ថា ការទិញដីបើកផ្លូវភ្ជាប់នៅក្នុងពេលនេះមានទំហំ១០ម៉ែត្ត គុណនឹង៥០ម៉ែត្រ ដែលតភ្ជាប់ពីភូមិចេក ទៅភូមិចក និងត្រូវចំណាយអស់បច្ច័យប្រមាណ ៤,៥០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។





![]()
