ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីសួរសុខទុក្ខលោកតា ឡេង សុខ មេឃុំផាត់សណ្ដាយ ដែលកំពុងមានជំងឺប្រចាំកាយ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកតា ឡេង សុខ អាយុ ៧២ ឆ្នាំ មេឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលក្នងគេហដ្ឋាន នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅក្នុងភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយទទួលបានព័ត៌មានអំពីស្ថានភាពសុខភាព និងជំងឺប្រចាំកាយរបស់លោកតា ឡេង សុខ តាមរយៈកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅក្នុងឃុំផាត់សណ្ដាយ ទើបថ្ងៃនេះ លោកបានដឹកនាំសហការី មកសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ដើម្បីឲ្យលោកតា ឡេង សុខ ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អ បន្តបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជននៅក្នុងឃុំផាត់សណ្ដាយបន្តទៀត។
លោកតា ឡេង សុខ បានមានប្រសាសន៍ថា គាត់មានបញ្ហាសុខភាពអស់រយៈពេលប្រមាណជាងមួយសប្តាហ៍កន្លងមកហើយ។ ក្រោយពីការទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យអស់មួយរយៈខ្លី និងបន្តព្យាបាលនៅផ្ទះបន្ថែមទៀត បច្ចុប្បន្នសុខភាពគាត់បានល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ។ ហើយនៅក្នុងឱកាសនេះ លោកតា ឡេង សុខ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រីជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះគាត់ ដោយបានធ្វើដំណើរលើចម្ងាយផ្លូវជាង ១០០គីឡូម៉ែត្រ ដើម្បីមកសំណេះសំណាលសាកសួរសុខទុកគាត់ ក្នុងពេលដែលគាត់កំពុងមានជំងឺ ។ ដែលសកម្មភាពនេះ បានបង្ហាញពីការគោរពស្រឡាញ់រាប់អានដោយស្មោះចំពោះគាត់និងក្រុមគ្រួសារគាត់។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ក៏បាននាំយកនូវថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន មកឧបត្ថម្ភជូនគាត់និងក្រុមគ្រួសារសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងផងដែរ។ ហើយនិង បានសូមបួងសួងដល់អស់ទេវតាតាមជួយបីបាច់ថែរក្សា លោកតា ឡេង សុខ ឱ្យឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ និងមានអាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ ក្រុមគ្រួសាររបស់គាត់ និងប្រជាជននៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។







![]()
