លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍៦ ចំណុច ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់
(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត សំណេះសំណាលសួរសុខទុក្ខដល់មន្ត្រីនគរបាល និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិប្រមាណ២៧៩នាក់ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល.បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបងប្អូនប្រើប្រាស់អស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី/ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់គួរជាទីមោទនៈ និងមានប្រសិទ្ធភាពបំផុត។
បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍៦ ចំណុច ដល់ផែនការងារជំនាញរួមមាន÷ ១.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀនបីកុំ មួយរាយការណ៍គឺ (កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន)។ កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫមិត្តភក្កិក៏ដោយ។ កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។ មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។ ២.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់។ ៣.ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រិះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និង ពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឱ្យមានកម្រិត រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ។ ៤.ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង មុខសញ្ញាចេញពីពន្ធនាគារ ការងារគ្រប់គ្រងដីកា។ ៥.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ៦.បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត។ ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះ បន្តត្រួតពិនិត្យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានផ្ដាំផ្ញើ ដល់កងកម្លំាងត្រូវគោរពអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ..ពិនិត្យដោយអ៊ុមញឹប។