លោក អ៊ុត វណ្ណរ៉ា និងអាជ្ញាធរឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ការធ្វើស្រែរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់បឹងបន្ទះជៀល ក្នុងស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ការធ្វើស្រែរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់បឹងបន្ទះជៀល ដោយមានការអមដំណើរដោយ លោក ជួ សួន មេឃុំសាន់គ និងក្រុមការងារពាក់ព័ន្ធ។
នៅក្នុងឱកាសនេះលោកអភិបាលស្រុកកំពង់ស្វាយ បានបង្ហាញពីគោលបំណងត្រួតពិនិត្យជាក់ស្តែងពី ស្ថានភាពទឹកក្នុងបឹង និងប្រភពទឹកជុំវិញ ដើម្បីវាយតម្លៃលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រូវ របស់ប្រជាកសិករ ជាពិសេសនៅក្នុងអំឡុងពេលដែលតំបន់ខ្លះអាចប្រឈមនឹងការខ្វះទឹក ឬកម្រិតទឹកថយចុះតាមរដូវកាល ព្រមទាំងស្តាប់សំណូមពរ និងបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរអាចរៀបចំវិធានការ និងសម្របសម្រួលជួយដោះស្រាយបានទាន់ពេលវេលា។
លោក អ៊ុត វណ្ណរ៉ា បានជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករឱ្យបន្តខិតខំប្រឹងប្រែងក្នុងការធ្វើស្រែ ធ្វើកសិកម្ម និងចូលរួមថែរក្សាប្រភពទឹកឱ្យបានល្អ ដើម្បីធានាបាននូវការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព។ លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងធ្វើការសម្របសម្រួលជាមួយផ្នែកជំនាញពាក់ព័ន្ធ ប្រសិនបើមានបញ្ហាអ្វីកើតឡើងទាក់ទងនឹងការផ្គត់ផ្គង់ទឹកសម្រាប់ស្រូវរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក ជួ សួន មេឃុំសាន់គ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ក្នុងការចុះតាមដានស្ថានភាពទឹក និងការសហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរក្សាប្រភពទឹកឲ្យបានគ្រប់គ្រាន់សម្រាប់ការធ្វើស្រែ និងការប្រើប្រាស់ប្រចាំថ្ងៃ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនៅបឹងបន្ទះជៀលនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់បញ្ហាខ្វះទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕ អត្ថបទ រដ្ឋបាលស្រុកកំពង់ស្វាយ-ពិនិត្យអ៊ុមញឹប។







![]()
