ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា អញ្ជើញជាអធិបតីភាព ក្នុងពិធីពុទ្ធាភិសេក ព្រះពុទ្ធបដិមាករប្រក់នាគ នៅវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ អញ្ជើញជាអធិបតីភាព និងចូលរួមក្នុងពិធីពុទ្ធាភិសេក ព្រះពុទ្ធបដិមាករប្រក់នាគ ដែលមានកម្ពស់ ៤,៥០ ម៉ែត្រ នៅក្រោមម្លប់ពោធិ៍សន្តិភាព ស្ថិតនៅក្នុងវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះលោក សរ តួរ និងភរិយា ព្រមទាំងសប្បុរសជននានា ដែលដឹកនាំដោយព្រះតេជគណព្រះគ្រូ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកក្នុងការបញ្ចុះបឋមសិលានិងដំណេីរការសាងសង់ព្រះពុទ្ធបដិមាករ ប្រក់នាគនេះ នាពេលកន្លងទៅ បានចេញជារូបរាងឡើង ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបគោរពបូជានៅក្នុងទីអារាម ដែលមានវ័យចំណាស់នេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ហើយថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចបីចំណុចស្ដីពីការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដោយរៀបចំឲ្យមាន ៖ ទីមួយ រៀបចំបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ ទីពីរ រៀបចំឱ្យមានពិធីសូត្រព្រះត្រៃបិដកខ្មែរក្នុងរយៈពេល ៥ឆ្នាំម្ដង នៅមុខប្រាសាទអង្គរវត្ត ឬនៅលើភ្នំព្រះរាជទ្រព្យ និងទីបី រៀបចំឲ្យមានពិធីបុណ្យរំលឹកនូវការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកគុណដល់ក្រុមជំនុំព្រះត្រៃបិដក ។ ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយាព្រមទាំងក្រុមគ្រួសារ និងសហការី បានប្រគេនថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ចូលរួមចំណាយក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបដិមាករនៅពេលនេះផងដែរ ។
ព្រះតេជគណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថីហៅវត្តពោធិ៍ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមនៃវត្តពោធិ៍វង្សហត្ថី នាពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ និងបានសូមបួងសួងដល់អស់ អារុកអារក្សទេវតា និងព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ សូមជួយបីបាច់ថែរក្សាឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករង-ពិនិត្យដោយអ៊ុមញឹប។