អាជ្ញាធរស្រុក ប្រាសាទសំបូរ មានវិធានការ ផាកពិន័យម្ចាស់សត្វពាហនៈលែងពាសវាល ពាសកាល ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងទេសចរណ៍
(កំពង់ធំ)កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាន បានផ្ដល់បទសម្ភាសន៍ បង្ហាញជំហរយ៉ាងច្បាស់លាស់ ក្នុងការរឹតបន្តឹងការគ្រប់គ្រងសត្វពាហនៈ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានដែលមានសក្តានុពលទេសចរណ៍។
លោកអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរថ្មីៗនេះ បានចុះឃាត់សត្វគោជាច្រើនក្បាល ដែលម្ចាស់លែងឱ្យដើរអនាធិបតេយ្យតាមដងផ្លូវ ដើម្បីយកមករក្សាទុក និងរង់ចាំម្ចាស់មកទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់ថា ការចិញ្ចឹមសត្វត្រូវតែភ្ជាប់ជាមួយទំនួលខុសត្រូវខ្ពស់ មិនអាចបណ្ដោយឱ្យដើរបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឬបង្កជាគ្រោះថ្នាក់ចរាចរណ៍បានឡើយ។
ចំពោះវិធានការផាកពិន័យវិញ អាជ្ញាធរសម្រេចផាកពិន័យចំនួន ៥ម៉ឺនរៀល ក្នុងមួយក្បាល សម្រាប់ការល្មើសលើកដំបូង ហើយប្រសិនបើនៅតែមានការរំលោភបំពានជាលើកទី២ នោះប្រាក់ពិន័យនឹងត្រូវកើនឡើងទ្វេដង។ ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលស្រុកបានបញ្ជាក់ថា ចំណុចសំខាន់នៃវិធានការនេះ គឺការអប់រំណែនាំ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការទទួលខុសត្រូវ។
ជុំវិញចំណាត់ការនេះដែរ បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វ បានមានមតិ ទទួលកំហុស ព្រមទាំងសម្ដែងការគាំទ្រ និងយល់ស្របតាមការណែនាំរបស់អាជ្ញាធរ ដោយពួកគាត់យល់ឃើញថា នេះជាការព្រមានមួយដ៏ល្អ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងជួយឱ្យភូមិឃុំមានសណ្តាប់ធ្នាប់។
ជាមួយគ្នានេះ អាជ្ញាធរឃុំសំបូរ ក៏បានបង្ហាញពីសារៈសំខាន់នៃការរក្សាសោភ័ណភាពនៅក្បែរតំបន់ “ប្រាសាទសំបូរព្រៃគុក” ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ។ ការរឹតបន្តឹងនេះ មិនត្រឹមតែជួយកាត់បន្ថយបញ្ហាសត្វដើរពាសវាលពាសកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់មុខមាត់ខេត្តកំពង់ធំ ក្នុងក្រសែភ្នែកភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
អត្ថបទដោយ លោកលន សុភា.ពិនិត្យដោយលោកប៉ាត ពណ្ណរាយ








![]()
