ស្ពានបេតុងមួយកន្លែង ស្ថិតនៅឃុំឈូកស្រុក ប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ
(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញទទួលស្ពានបេតុង១កន្លែងមានប្រវែង ១៨ម៉ែត្រ ទទឹង៥ម៉ែត្រស្ថិតនៅក្នុងភូមិអន្សរក្រហាយ ឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសទទួលស្ពាននេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន ជួយសាងសង់ស្ពានបេតុង
ប្រវែង១៨ម៉ែត្រ ទទឹង ៥ម៉ែត្រ នេះ
ដែលគម្រោងនេះមានឈ្មោះថាគម្រោងគូសាណូណិ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ: ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២៥ និងចំណាយថវិកាសរុប ១៨៥.៥៥៣ដុល្លាសហរដ្ឋអាមេរិក។
លោក ឃីម សុខឃាង ក៏បានមានប្រសាសន៍លើកឡើងដែរថា ស្ពាននេះបានបម្រើឱ្យផលប្រយោជន៍ប្រជាជន នៅក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរចំនួន ៦៩គ្រួសារ ស្មើនឹង៣៤១ នាក់ ស្រី ១៨៣នាក់ ក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃ ដែលរដូវវស្សារត្រូវឆ្លងទូក ហើយទឹកហូរខ្លាំង ។
លោកអភិបាលស្រុក បានបន្ថែមទៀតថា ពេលដែលទទួលបានស្ពានប្រជាពលរដ្ឋ មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះធ្វើឱ្យងាយស្រួលក្នុងការ ទៅទទួលសេវាសុខភាព ដឹកជញ្ជូនបន្លែ កសិផល និងជាពិសេសគឺសម្រាប់កុមារទៅសាលារៀនផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។












![]()
