អភិបាលខេត្តកំពង់ធំចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
(កំពង់ធំ) ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំរួមជាមួយក្រុមការងារចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ឯកឧត្តមមានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គីភ័យដែលបានកើតឡើង និងបានបំភ្លេចបំផ្លាញទាំងស្រុងនូវផ្ទះមួយខ្នង នឹងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងនៅហេតុការណ៍អាក្រក់ណាមួយកើតឡើង។
ឯកឧត្តម បានបន្តថាអំណោយនិងថវិកាថ្ងៃនេះទោះបីមិនគ្រប់ទៅតាមតម្រូវការក៏ពិតមែនក៏ប៉ុន្តែ វាបានចូលរួមចំណែក រំលែកនូវក្តីលំបាកដល់គ្រួសាររងគ្រោះបានមួយចំណែក ហើយក៏ជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពិសេសគឺកាកបាទក្រហមខេត្ត ដែលបានធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់។
សូមបញ្ជាក់ថាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៧:៤៥ នាទី មានករណីភ្លើងឆេះផ្ទះ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ លីម ប្រពន្ធ យ៉ែម អី
ហើយផ្ទះដែលឆេះមានទំហំ ៦x១០ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី សំភារៈ មានគ្រែ២ ពូក២ ទូខោអាវមាន៣និងសំភារៈផ្សេងៗឆេះអស់ទាំងស្រុងដែលបណ្តាលមកពីផ្ទុះសេរខ្សែភ្លើង។
ចំពោះសម្ភារៈដែលបានចែកជូនមាន ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មី១កេះ ត្រីខ១យួរ អង្ករ ៧៥គីឡូ ឃីត១កញ្ចប់ មានមុង១ ភួយ១ សារុង១ និងក្រម៉ា១ ព្រមទាំងថវិកាចំនួន ១លាន ៧០ម៉ឺនរៀល។ អត្ថបទ (លោកសោមពិសី-ពិនិត្យដោយអ៊ុមញឹប។