មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣ – ២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤ – ២០២៥ ដោយមានការអញ្ជើញ ពីសំណាក់ ឯកឧត្ដម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ មូលដ្ឋាន ព្រមទាំងអង្គការដៃគូអភិវឌ្ឍជាតិ-អន្តរ ជាតិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នក ពាក់ព័ន្ធទាំងអស់ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ធំ។
ដើម្បីឲ្យការអនុវត្តការងារអប់រំ យុវជន និងកីឡាកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត តាំងនាមជារដ្ឋបាលខេត្ត ឯកឧត្តម អ៊ុង វុទ្ធី ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖
១. លោកប្រធានមន្ទីរ និងគណៈគ្រប់គ្រងសាលាត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសាលារៀនទាំងរដ្ឋ និងឯកជនទប់ស្កាត់ឲ្យបានបញ្ហាក្មេងទំនើងក្នុងសាលារៀន ។
២. ត្រូវបន្តពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អទាំងបុគ្គលិកអប់រំ និងសិស្សានុសិស្ស។
៣. ត្រូវបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខភាពអនាម័យ ការផ្សព្វផ្សាយការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺនានានៅគ្រប់គ្រឹះស្ថានសិក្សា ។
៤. ត្រូវបង្កើត និងបន្តបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការជួញដូរស្រ្តីនិងកុមារ លុបបំបាត់ការរើសអើងក្នុងសង្គម ទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីបំផុសស្មារតីចូលរួមទប់ស្កាត់ និងការគោរពច្បាប់ ក្នុងស្រទាប់សិស្ស និងយុវជន ដែលជាទំពាំងស្នងឫស្សី ។
៥. មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តសហការគាំទ្រ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់នូវការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឲ្យរដ្ឋបាល ក្រុងស្រុក ដើម្បីធានាឲ្យបានថាការផ្ទេរមុខងារនេះត្រូវបានអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។
៦. ត្រូវជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ” ។
៧. ត្រូវរៀបចំឲ្យមានការប្រកួតកីឡាទាំងក្នុងសាលារៀន ទាំងថ្នាក់ខេត្ត និងក្នុងព្រឹត្តិការណ៍សំខាន់ៗនានា ដើម្បីជំរុញឲ្យសិស្សានុសិស្ស និងយុវជនចូលរួមលេងកីឡា ស្របតាមពាក្យស្លោក “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ។
ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា មានប្រសាសន៍បន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់យុទ្ធសាស្រ្ត អាទិភាព ០៤ បន្ថែមទៀត រួមមាន៖ ការអប់រំឌឺជីថល ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍការអប់រំកាយ និងកីឡា។ លើសពីនេះទៀត យើងបានបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើតសាលារៀនគម្រូ ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀន ការបន្តលើកកម្ពស់ការអប់រំឌីជីថល ការលើកកម្ពស់សុខភាពសិក្សា និងពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា និងការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” គឺជាគន្លឹះចាំបាច់ក្នុងការជំរុញការអភិវឌ្ឍមូលធនមនុស្សឲ្យសម្រេចបានជោគជ័យ មានគុណភាពខ្ពស់ ដែលអាចកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកាវិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកប ដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកប ដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។