មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកប្រេងឥន្ធនៈ គ្រឿង ឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់ ក្នងភូមិសាស្ត្រស្រុកសណ្តាន់
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯក ឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់កែងបឹង និងតំបន់អូរអាចម៍ ដែក ស្ថិតក្នុងភូមិសាស្ត្រព្រៃឡង់ ក្នុងឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធ ពលខេមរភូមិន្ទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាង ៨ ខែកន្លងទៅ នេះទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត កំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការ ការពារទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមផែនការដែលបានប្រគល់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋជាថ្មីទៀតបានឡើយ ហើយចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាមួយ ជាដាច់ខាត។ ចំពោះជនណាដែលនៅតែបន្តកាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ត្រូវចាប់ឃាត់ខ្លួន និងវត្តុតាង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាធរមាន។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៥០០លីត្រ អង្ករចំនួន២០០គីឡូក្រាម ត្រីខចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន៨យួរ និងទឹកសុទ្ធចំនួន១០០យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង២គោលដៅ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។