ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ឆ្នាំ២០២៥ ) ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៦ឆ្នាំ នៃទិវាមហាជ័យជម្នះ ៧មករា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ដែលបានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា ។ រួចផុតពីទារុណកម្មនិងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ហើយការរៀបចំទិវាខួបលើកទី ៤៦ឆ្នាំនេះ ដើម្បីរំលឹកនិងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ រំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាច្រេីនឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។
នៅក្នុងឱកាសនេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាចិត្តក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ។
បន្ទាប់មកអង្គមីទ្ទីងទាំងមូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដុតធូបនៅតាមផ្នូរសពរបស់វិរ:កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា នឹងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប