អភិបាលខេត្តកំពង់ធំ អំពាវនាវអោយមានការ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អំពាវនាវអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ ។
ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវបែបនេះនៅក្នុងពិធីអបអរសាទររុក្ខទិវា ៩ កក្ដដា ឆ្នាំ២០២៤ ស្ថិតនៅភូមិសាស្ត្រតំបន់អូរតាកាវ ដែនព្រៃអង់តែននៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម បានបន្ថែមថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះឱ្យបានគង់វង្ស ហើយត្រូវតែជំរុញការអភិវឌ្ឍន៍តំបន់បៃតងនេះ នៅតាមបណ្តាក្រុង ស្រុក និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើ និងស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។
លើសពីនេះទៅទៀតឯកឧត្ដមបានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើនៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង ក្នុងគោលបំណងបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដី។
សូមបញ្ចាក់ថា កូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅពេលនេះ មានចំនួនជាង ១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុំជាង ១០ហិកតា ដោយដាំប្រភេទ ឈើរយៈពេលវែង មានដូចជា កូនឈើប្រភេទធ្នង់ នាងនួន គ្រញូង បេង គគីរ ឈើទាល អាកាស្យា ដោយមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។(អត្ថបទដោយសោមពិសី-ពិនិត្យដោយអ៊ុមញឹប)។