លោក ហាក់ ម៉ុងហួត ដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ឃុំទ្រៀល ដើម្បីធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា
(កំពង់ធំ)៖ ត្រឹមតែប៉ុន្មានថ្ងៃនេះស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវ របស់ប្រជាពលរដ្ឋ លិចជាច្រើនហិចតា ដោយទទួលព័ត៌មានពីលោកមេឃុំ លោកអភិបាលស្រុកតាំងគោក និងសហការីបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីចង់ដឹងពីទិន្នន័យនិងការលិចលង់ស្រូវប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។
នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងការធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
លោក ហាក់ ម៉ុងហួត ក៏បានណែនាំឃុំឱ្យតាមដានជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ចៀសសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម ទោះយ៉ាងណា អាជ្ញាធរស្រុកនិងឃុំ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះ៕
សូមបញ្ជាក់ផងដែរថា ស្រុកតាំងគោកមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាបានបណ្ដាលជំនន់ទឹកភ្លៀងកើនឡើង គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នេះបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវចំនួន៥ឃុំ លើ៣៤ភូមិ ៦៣៨គ្រួសារ ស្មើនឹង ៥៦៥,០២ហិកតា។ ផលប៉ះពាល់ផ្ទះសម្បែងចំនួន៣ឃុំ លើ៦ភូមិ ២០គ្រួសារ ស្មើនឹង២០ខ្នងផ្ទះ។ ផលប៉ះពាល់ផ្លូវលំចំនួន៣ភូមិ នៅឃុំទ្រៀលសរុបប្រវែង ២៧៤ម៉ែត្រផងដែរ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក -ពិនិត្យដោយអ៊ុមញឹប។