សមាជិកាព្រឹទ្ធសភាសំណេះ សំណាល សិស្សានុសិស្សក្រីក្រ ចំនួន១៥នាក់ មកពីវិទ្យាល័យហ៊ុនសែនត្បែង និងវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះ សំណាលជាមួយក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន១៥នាក់ មកពីវិទ្យាល័យហ៊ុនសែនត្បែង និងវិទ្យាល័យទួលក្បិល ដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០២៤ នៅស្នាក់ការបក្សស្រុកកំពង់ស្វាយ ។
លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំនិងបានកោតសរសើរដល់អាជ្ញាធរ
មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។
លោកជំទាវបន្តថាក្មួយៗជំនាន់នេះពិតជាមានសំណាងណាស់ដែលមានឱកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព មានគ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រសមរម្យគ្រប់គ្រាន់ មានប្រព័ន្ធអីនធឺរណែត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រសព្វបែបយ៉ាង ដូចនេះក្មួយៗត្រូវក្តាប់ឱកាសឱ្យជាប់ហើយប្រែក្លាយសម្រាប់ខ្លួនឯង និងសង្គមជាតិ។
លោកជំទាវបានបង្ហាញការជឿជាក់ថាសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងស្រុកកំពង់ស្វាយនឹងប្រលងបានជាប់
ទាំងអស់គ្នាពីព្រោះមានលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ស្រុកលោកគ្រូ អ្នកគ្រូ សាលារៀន និងគ្រួសារ។
លោកជំទាវបន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ហើយ ក្មួយៗនឹងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ដូចនេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្តទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញឆ្លើយតបបានទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន អ្វីដែលសំខាន់នោះគឺក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អ ជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ ជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត និងចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងថែរក្សាសុខភាពឲ្យបានល្អ ។
ជាមួយគ្នានេះដែរតំណាងអាណាព្យាបាលសិស្សទាំងអស់បានថ្លែងអំណរគុណដល់លោកជំទាវ ឃួន ឃុនឌី និងថ្នាក់ដឹកនាំស្រុកកំពង់ស្វាយ ដែលបានយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា សូមជូនពរលោកស្រី និងក្រុមការងារមានសុខភាពល្អ បន្តដឹកនាំស្រុកឲ្យមានកររីកចម្រើនថែមទៀត ។
ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗទាំង១៥នាក់ លោកជំទាវ ឃួន ឃុនឌី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗ ចំនួន២០០.០០០ រៀល មាតាបិតារបស់សិស្សទាំង១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល និងក្រមាចំនួន១ លោកនាយកសាលា ចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០រៀល ។