អភិបាលស្រុកស្ទោងលើកទឹកចិត្តបងប្អូនអតីតយុទ្ធជនខិតខំដាំដុះដំណាំបន្ទាប់បន្សំដើម្បីលើកកម្ពស់ជីវភាពគ្រួសារ:
( ខេត្តកំពង់ធំ)÷ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញ និងនិមន្តសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនអតីតយុទ្ធជន ចំនួន៧ គ្រួសារ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុកស្ទោង នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក កាលពីរសៀលថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០២៤។
ក្នុងឱកាសនោះលោកបានពាំនាំប្រាំផ្ញើនៅការសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខមាលភាពពុកម៉ែបងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។
ជាមួយនេះផងដែរ លោកបានសំដែងនូវការអរគុណនិងកោតសរសើរខ្ពស់ដល់ពុកម៉ែបងប្អូនអតីតយុទ្ធជនគ្រប់រូប ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាការពារសុខសន្តិភាព ការពារទឹកដីមាតុភូមិ ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ឬ
ក្តៅរងាឡើយ។
ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់បងប្អូនយុទ្ធជនទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានមាំមួន ជាពិសេសក្នុងរដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ដើម្បីមានឱកាសនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅចូលរួមធ្វើបុណ្យជាមួយ ញាតិញោម ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីបានជាបុញនិធិសម្រាប់ជាតិនេះ អនាគតជាតិនិងសម្រាប់បុព្វការីជនផងដែរ។
សូមបញ្ជាក់ផងដែរថា គ្រួសារអតីតយុទ្ធជនទាំង ៧ខាងលើទទួលបានក្នុងមួយគ្រួសារៗនូវអង្ករ១បេ ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរ មី១កេស ថវិកា ៥០,០០០រៀល និងប្រជាការពារ០៨នាក់ ក្នុងម្នាក់ទទួលបានថវិកា២០,០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។