ថ្នាក់ដឹកនាំខេត្តកំពង់ធំ រួមជាមួយមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក
(ខេត្តកំពងធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ព្រមទាំងភរិយា និងមន្រ្តីរាជការ ពុទ្ធបរិស័ទ បានគោរពថ្វាយបូជាទៀនធូប ចំពោះគុណព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសការព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធ និងធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។
សូមបញ្ជាក់ថាបច្ច័យ និង ទេយ្យទានដែលនាំយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះរួមមាន ថវិកាចំនួន១ លានរៀល សុីម៉ង ៥តោន អង្ករ ៥០០គីឡូ ទឹកក្រូច ១០កេះ ទឹកបរិសុទ្ធ ព្រមទាំងគ្រឿងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ៕
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។