ឯកឧត្តម នួន ផារ័ត្ន បានចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ធំ
(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ជាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាព. ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា បុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនងល្អជាមួយបងប្អូនមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពបងប្អូនអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជម្ងឺគ្រប់រូប។
លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល បានលើកឡើងនូវ កម្មវិធីសុខាភិបាលមានចំនួន៤ធំៗ គឺ កម្មវិធីអាហារូបត្ថម្ភសុខភាពបន្តពូជសុខភាពមាតាទារកនិងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនិងសុខភាពសាធារណៈដទៃទៀត និងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល។
ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព ជាច្រើនរូបផងដែរ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។