លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន និងលោកជំទាវ លំគន្ធារី ចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាផ្ដល់ជូនកុមារនៅបុរីកុមារខេត្តកំពង់ធំ
(កំពង់ធំ)÷លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្តកំពង់ធំ បានអឋញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមាររស់នៅក្នុងបុរីកុមារខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារីមានប្រសាសន៍ថា ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំព្រមទាំង ជួយលើកទឹកចិត្ត ដល់កុមារកំព្រាខេត្តកំពង់ធំ ។ រៀងរាល់កម្មវិធីបុណ្យ អាជ្ញាធរខេត្តតែងតែចុះសួរសុខទុកក្មួយៗកុមារកំព្រាដែលរស់នៅក្នុងបុរីកុមាជារៀងរាល់ឆ្នាំ។
លោកជំទាវក៏បានអំពាវនាវពីសប្បុរសជនក្នុង និងក្រៅប្រទេស សូមជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រា ក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុត បានចូលរៀនដូចកុមារដទៃទៀតដែរ ។ ពិសេសសូមផ្ដល់គ្រឿងឧបរិភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្នុងកម្មវិធីនេះលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្នបានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អាហារហូបចុក និងសម្ភារៈសិក្សាមួយចំនួនបានគ្រប់គ្រាន់។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានរៀបចំនូវ នំធុងនិងនំកញ្ចប់ សម្ភារៈសិក្សានិងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។ លោកជំទាវបានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្ត បានជួយឧបត្ថម្ភនំ សម្ភារៈសិក្សា និងថវិកា ដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា សម្ភារដែលទទួលបានដផយកុមារម្នាក់ៗទទួលបានថវិកា៣០០០០រៀល ជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សៀវភៅ០២ក្បាល ប៊ិក ០២ដើម នំ០១ប្រអប់ ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។