លោក ចាន់ ស៊ីណាត ជំរុញអាជ្ញាធរមូលដ្ឋានត្រូវជួយសហការកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ
( កំពង់ធំ)÷ លោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានជំរុញដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការីព្រមទាំងអាជ្ញាធរស្រុកស្ទោង បានអញ្ជើញចូលរួមរាប់បាត្រកាន់បិណ្ឌទី៧ ជាមួយញាតិញោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ចំណុះឱ្យជើងវត្តទាំង៦នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើនិងសហការី ពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមកាន់បិណ្យធ្វើបុណ្យរួមគ្នាជាមួយព្រះសង្ឃ ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាឱកាសនេះ។
លើសពីនេះលោកបានសង្កត់ធ្ងន់ថា ក្នុងនាមក្រុមការងារគឺជាអ្នកបម្រើប្រជាពលរដ្ឋដោយអស់ពីបេះដូង ជាអ្នករួមសហការនិងជួយអភិវឌ្ឍមូលដ្ឋានលើកគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធនានា សេដ្ឋកិច្ចមូលដ្ឋាន និងវិស័យអាទិភាពជាច្រើនទៀត ។
លើសពីនេះលោកជំរុញថែមទៀតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសយុវជន ត្រូវខិតខំសិក្សារៀនសូត្រ នៅឲ្យឆ្ងាយពីគ្រឿងញៀនឬអបាយមុខទាំងឡាយ ហើយអាណាព្យាបាលត្រូវជំរុញការសិក្សារៀនសូត្របុត្រធីតារបស់ខ្លួនឲ្យបានខ្ពង់ខ្ពស់និងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដែលជាដើមចមនៃការស្នេហាជាតិយ៉ាងពិតប្រាកដ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ព្រមសហការី ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពពលរដ្ឋនិងបានជួយអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោងជាពិសេសឃុំចំណាលើនូវផ្លូវបេតុងប្រវែងជាង១០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះដែរប្រធានក្រុមការងារក៏បានប្រគេននូវទេយ្យទានមួយចំនួនធំព្រមទាំងបច្ច័យ១លានរៀលក្នុងមួយវត្តនិងចែកទានដល់ប្រជាពុទ្ធបរិស័ទប្រមាណជិត៥០០នាក់ដែលម្នាក់ៗទទួលបាននូវថវិកា ២ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប។