សមាជិកព្រឹទ្ធសភាអញ្ជើញកាន់បិណ្ឌវេនទី ៥និងទី ៦ ចំនួន ២ វត្ត នៅឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិក
ព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ៥ នៅវត្តក្តីចារុ៍ និងវេនបិណ្ឌទី ៦ នៅវត្តកំពង់ស្វាយ ស្ថិតក្នុង ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកជំទាវបានបញ្ជាក់ថាការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរយិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។
លោកជំទាវព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
លោកជំទាវបន្តថាឱកាសបានធ្វើបុណ្យទានដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ហើយបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។
ជាមួយនឹងការកាន់បិណ្ឌនេះដែរលោកជំទាវ ឃួន ឃុនឌី បានណែនាំដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារនិងមនុស្សចាស់ព្រោះថានេះជារដូវខែវស្សាទឹកស្ទឹងសែនកំពុងតែឡើងខ្លាំង និងថែរក្សាសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជាប្រចាំ ចៀសវាងជំងឺដង្កាត់ផ្សេងៗចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះលោកជំទាវបាននាំយកក្រមាសារ៉ុងនិងថវិកាមួយចំនួនចែកជូនទៅដល់លោកយាយ លោកតា ដែលបានចូលរួមកាន់បិណ្ឌផងដែរ។
គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម។