ឯកឧត្តម ជា វ៉ាន់ចាន់ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ សមិទ្ធផលនានារបស់ខេត្តកំពង់ធំក្នុង ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ
(កំពង់ធំ)៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំស្តង់ពិព័រណ៍ដោយបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ សក្តានុពលផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្តកំពង់ធំក្នុង ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ ។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ពិធីបុណ្យទន្លេរលើកទី៩បានប្រពឹត្តិទៅក្នុងខេត្តតាកែវ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម បានណែនាំដល់សមាជិកអនុគណ:កម្មការ ត្រូវសម្រិតសម្រាំងជ្រើសយកផលិតផលដែលជាសក្តានុពលរបស់ខេត្តមកដាក់តាំងកុំឱ្យខ្វះចន្លោះ ពិសេសផ្លែឈើសម្គាល់ភូមិសាស្ត្រខេត្តកំពង់ធំស្វាយចន្ទីរ។
ក្រៅពីនេះ ក្រុមរៀបចំស្លាយត្រូវជ្រើសរើសរូបថតស្តីពីសមិទ្ធផលគ្រប់វិស័យ ធនធានដែលខេត្តមាន និងសមិទ្ធផលថ្មីៗក្នុងខេត្ត សម្រាប់បញ្ចាំងបង្ហាញជូនទស្សនិកជនទូទៅ ដោយបង្ហាញពី សក្តានុពលផលិតផល សេវាកម្មទេសចរណ៍ និងសមិទ្ធផលនានារបស់ខេត្តកំពង់ធំ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ រូបភាព យីម ប៊ុនហ័រវ.ពិនិត្យដោយអ៊ុមញឹប។