លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងលោកយាយលោកតាពុទ្ធបរិស័ទ ចំនួន ប្រមាណជិត១.០០០នាក់ នៅវត្តពោធិ៍ឃុំទ្រៀល បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងផ្ដល់ជំនួយមនុស្សធម៌ ជូនលោកគ្រូអ្នកគ្រូចំនួន ១៦នាក់ សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តពោធិ៍ជាង៧០០ នាក់ និងលោកយាយលោកតា ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ ចំនួនជាង ៣០០ នាក់ បានទទួលជំនួយមនុស្សធម៌ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា, ឯកឧត្តម ពេជ្រ សុខា និងភរិយា និងលោកវរសេនីយ៍ទោ សរ តួរ និងភរិយាព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅក្រោមការសម្របសម្រួល ពីព្រះតេជគណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្សហត្ថី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លោក បៀន ស៊ីម៉ន នាយកសាលាបឋមសិក្សាវត្តពោធិ៍ តំណាងឱ្យលោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងលោកយាយលោកតា ឧបាសកឧបាសិកា សរុបប្រមាណ១.០០០ នាក់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឧត្តមសេនិយទោ សោមស៊ុន និងភរិយា ឯកឧត្តម ពេជ្រ សុខា និងភរិយា ព្រមទាំងលោកវរសេនិយទោ សរ តួរ និងភរិយា ដែលបានលះបង់ថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗ រៀបចំជាអំណោយមនុស្សធម៌ សម្រាប់ផ្តល់ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងលោកយាយលោកតាឧបាសកឧបាសិកា នៅពេលនេះ និងសូមគោរពជូនពរដល់ឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យឯកឧត្តម ពេជ្រ សុខា ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ្រៀល ស្រុកតាំងគោក និងភរិយា ព្រមទាំងលោកវរសេនិយទោ សរ តួរ និងភរិយា បានមានប្រសាសន៍ថា ក្រោមដំបូលនៃម្លប់សុខសន្តិភាពនិងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្សជារៀងរហូត។ ហើយជំនួយមនុស្សធម៌ ដែលបានរៀបចំផ្ដល់ជូនក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងលោកយាយលោកតាឧបាសកឧបាសិកានៅពេលនេះ គឺជាវប្បធម៌នៃការចែករំលែក ហើយក៏ជាការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានខិតខំអប់រំ បង្រៀន និងរៀនសូត្រក្នុងវិស័យអប់រំជាតិ បង្កើនចំណេះនិងជាធនធានមនុស្សចូលរួមចំណែកក្នុងការបម្រើ និងកសាងអភវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀតនៅពេលអនាគត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងសប្បុរសជនទាំងអស់ បានប្រគល់ជូនក្មួយៗសិស្សាន្តសិស្សចំនួន៧០០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិចនិង ខ្មៅដៃ២ ដើម បន្ទាត់មួយ និងថវិកាចំនួន ២០០០ រៀល ។ លោកគ្រូអ្នកគ្រូចំនួន ១៦នាក់ ទទួលបានកាដូអនុស្សាវរីយ៍ចំនួនមួយកញ្ចប់ និងថវិកាមួយម៉ឺនរៀល ។ ដោយឡែកលោកយាយលោកតាពុទ្ធបរិស័ទទាំងអស់ចំណុះជើងវត្ត ដែលបានចូលរួមក្នុងពិធីនេះចំនួន ៣០០ នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ា ឬសារ៉ុង ក្នុងម្នាក់ៗចំនួន ១និងថវិកាក្នុងម្នាក់ៗ ចំនួនមួយម៉ឺនរៀលផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។