ការិយាល័យសុខភាពសិក្សា និងមន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិ បន្តបើកសិក្ខាសាលា ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សាគោលដៅ
(កំពង់ធំ)÷ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីការិយាល័យសុខភាពសិក្សា និងមន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិ(Helen keller.Int) បន្តបើកសិក្ខាសាលា ស្ដីពី គម្រោង កាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សាគោលដៅចំនួន០២ក្នុងស្រុកសន្ទុក គឺសាលា បឋមសិក្សាដងក្ដារ ស្ថិតក្នុងឃុំក្រយា និងបឋមសិក្សាកំពប់អំបិល ក្នុងឃុំបឹងល្វាលើ ស្រុកសន្ទុក្ខ ខេត្តកំពង់ធំ។
ក្នុងសិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោកប៊ី រីដែន មន្ត្រីគម្រោងរបស់អង្គការហែឡែនខែលល័រអន្តរជាតិ និងមន្ត្រីការិយាល័យសុខភាពសិក្សា មន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិ (Helen keller.Int) មន្ត្រីទទួលបន្ទុកសុខភាពសិក្សារបស់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកសន្ទុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីករក្នុង និងក្រៅជាប់ របងសាលាប្រមាណ១៣៦នាក់ ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា កាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សានៅក្នុងសាលាបឋមសិក្សាកំពប់អំបិល លោកប៊ី រីដែន មន្ត្រីគម្រោងរបស់អង្គការហែឡែនខែលល័រអន្តរជាតិ បានលើកឡើងពីគោលបំណងនៃសិក្ខាសាលានេះថា គឺជាការចូលរួម ចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស ដែលមានសុខភាពល្អប្រកបដោយសក្ដានុពល តាមរយៈការកំណត់ប្រភេទអាហារដាក់លក់ក្នុង និងក្រៅជាប់របងសាលារៀន ដែលផ្ដល់សុខភាព ដល់ សិស្សានុសិស្ស។ ការណែនាំពីការទទួលទានអាហារ ដែលនាំឱ្យមានផាសុខភាព ជំរុញឱ្យមាន ទម្លាប់ ហាត់ ប្រាណ ជាប្រចាំជាដើម។
លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានមានមតិសំណេះសំណាលដោយបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តជូនចំពោះមាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។ លោកប្រធាន បានលើកឡើង ពីភាពចាំបាច់ នៃការលើកកម្ពស់សុខភាព សិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ ក្នុងការកសាងមូលធនមនុស្ស តាមរយៈការកាត់បន្ថយការបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សា។
ជាមួយគ្នានោះ លោកប្រធានការិយាល័យ ក៏បានសំណូមពរដល់បងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវចូលរួមលក់អាហារដែលផ្ដល់សុខភាពដល់កុមារ ចូលរួមលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទីកនៅក្នុងសាលា ដើម្បីបរិស្ថានសាលារៀនស្អាត និងមិនមានការបំពុលបរិស្ថាន។ ចំណែកលោកគ្រូ អ្នកគ្រូត្រូវខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន និងត្រូវថែទាំ សុខុមាល ភាពកុមារតាមរយៈយន្តការពីរគឺ÷ ១.ការអប់រំ ណែនាំជាប្រចាំនូវផលវិបាកនៃជំងឺមិនឆ្លង ដែលបណ្ដាលមកពីការទទួលទានអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ច្រើន ពិសេសការញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឬផ្អែម។ ២.ត្រូវហាម ដាច់ខាតការនាំចូលមកក្នុងសាលារៀននូវភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង និងអាហារនានា ដែលប្រើប្រាស់ ថង់ប្លាស្ទីកជាដើម។ ចំពោះមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការចម្អិន អាហារ សម្រាប់កូនៗ យកមកញ៉ាំនៅសាលារៀន។
សូមជម្រាបជូនផងដែរថា នៅក្នុងកម្មវិធីសិក្ខាសាលានេះ ក៏មានការណែនាំដោយគ្រូសម្របសម្រួលថ្នាក់ស្រុក អំពីលំហាត់ប្រាណអប់រំកាយតាមចង្វាក់ភ្លេងអេរ៉ូប៊ិច ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកំពប់អំបិល និងអនុវិទ្យាល័យហ៊ុន សែនបឹងល្វាលើផងដែរ។ អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។