ព្រះ អនុគណស្រុកស្ទោង ដឹកនាំពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឃ្លាំងខ្មូត
(កំពង់ធំ)÷ ព្រះបរិត្តកោសល្យ ណិប អ៊ាម ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងជាព្រះអនុគណស្រុកស្ទោង បានដឹកនាំញាតិញោមពុទ្ធបរិស័ទពុទ្ធសាសនិកប្រារព្ធពិធីបុណ្យមាឃបូជា ដង្ហែបុណ្យមាឃបូជានៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ ថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥។
ព្រះអង្គបានមានសង្ឃដីការបញ្ជាក់ឱ្យដឹងថា ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន : ទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និង ទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។
ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះច័ន្ទពេញវង់ល្អ ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។
រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។
ចំណែក ការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ។
លើសពីនេះការប្រារព្ធពិធីនេះឡើងគឺជាការសន្សំនូវបុញ្ញនិធិរបស់ញាតិញោមពុទ្ធបរិស័ទទាំងសម្រាប់ជាតិនេះនិងអនាគតជាតិ និងជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រក៏ដូច ជាការរួបរួមសាមគ្គីគ្នារវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធសាសនិកឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។
សូមបញ្ជាក់ថាពិធីបុណ្យមាឃបូជា ត្រូវបានចាត់ទុកជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយក្នុងឱកាសនេះដែរក៏មានការនិមន្តនិងអញ្ជើញចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ស ស យ ក ប្រមាណជិតមួយពាន់នាក់។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។