ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រុងប្រៀបការប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនចំនួន៦៥គ្រួសារ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្ត ដើម្បីប្រគល់ភារកិច្ចប្រុងប្រៀបកម្មវិធីប្រគល់ផ្ទះថ្មីចំនួន ៦៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈរបស់រដ្ឋ ចំនួន៦៥គ្រួសារថ្មីទៀត នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី រួមជាមួយ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុងនិងអញ្ជើញជាអធិបតីភាពតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ផ្ទះដែលទើបសាងសង់រួចនាពេលថ្មីៗកន្លងទៅនេះ និងដីសម្បទានសង្គមកិច្ច ព្រមទាំងអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មីចំនួន៦៥គ្រួសារ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងបងប្អូនអតីតយុទ្ធជន ដើម្បីរៀបចំកម្មវិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនបងប្អូនអតីតយុទ្ធជនរបស់យើង ឲ្យទទួលបានជោគជ័យនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យអតីតយុទ្ធជន ចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មីលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ដែលបានផ្ដល់ផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ច សម្រាប់បងប្អូនអតីតយុទ្ធជនរស់នៅកសាងជីវភាពថ្មី ដោយភាពសុខដុមរមនា ក្រោមដំបូលសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។