ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ច ជូនកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រជុំប្រគល់ភារកិច្ច និងប្រគល់ជូននូវបណ្ដាមធ្យោបាយ សម្ភារៈកិច្ចការធានាមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តទៅប្រតិបត្តិការនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កន្លងមកនេះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជូនកងកម្លាំងមួយចំនួនរួចហើយ ទៅប្រចាំការនៅទីបញ្ជាការស្រាលចំនួន ២ គោលដៅ គឺទី១ ទីបញ្ជាការស្រាលប្រចាំការនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងទីបញ្ជាការស្រាលទី២ នៅតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយរួមសហការជាមួយនឹងបណ្ដាកងកម្លាំងចម្រុះរបស់ខេត្ត ព្រមទាំងកងកម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៤ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងកម្លាំងទាំងអស់ ត្រូវតែដាច់ខាតក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទនៃបញ្ជាការកងទ័ពជើង គោក ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី ៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប និងបណ្ដាចំណុចសំខាន់ៗមួយចំនួនទៀត ដោយត្រូវរឹបអូស ឬ បំផ្លាញចោលនូវរាល់ឧបករណ៍សម្ភារៈនេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ តង់កៅស៊ូ សម្រាប់ធ្វើជម្រកស្នាក់នៅ វិទ្យុទាក់ទង បន្ទះសូឡាសម្រាប់បំភ្លឺភ្លើង និងបញ្ជូលអាគុយ និងសម្ភារៈសម្រាប់បំផ្លាញឧបករណ៍ល្មើសនេសាទខុសច្បាប់ ជូនដល់កងកម្លាំងអន្តរាគមន៍ ដែលត្រូវបង្កើនបន្ថែមក្នុងបេសកកម្មបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។